Roxanne Tong ចេញមុខតបបែបនេះវិញ ក្រោយគូស្នេហ៍បង្ហើបរឿងទិញផ្ទះទុកសម្រាប់ជីវិតគូ
មួយរយៈក្រោយមកនេះ គូស្នេហ៍តារាសម្ដែងល្បីរបស់ហុងកុង Kenneth Ma និង Roxanne Tong កំពុងមានពាក្យចចាមអារ៉ាមឥតឈប់ពីរឿងចូលរោងការរបស់ពួកគេ បន្ទាប់ពីលោក Kenneth បង្ហើបពីគម្រោងទិញអចលនទ្រព្យសម្រាប់ជីវិតអាពាហ៍ពិពាហ៍។ ខណៈពេលដែលការប្រកាសនេះ ត្រូវបានគេមើលឃើញថាជាសញ្ញាមួយបង្ហាញថាគូស្នេហ៍មួយគូនេះត្រៀមខ្លួនជាស្រេច ដើម្បីភ្ជាប់ចងចំណងនោះ។
ទោះជាយ៉ាងណា បើការលើកឡើងពីសាមីខ្លួនខាងគូស្នេហ៍លោកវិញ បញ្ជាក់យ៉ាងច្បាស់ថា Kenneth ពិតជាកំពុងទិញផ្ទះពិតមែន ទុកជាអចលនទ្រព្យវិនិយោគ។ នេះបើតាមការបង្ហាញខ្លួននៅក្នុងកម្មវិធីថ្មីមួយរបស់ TVB តារាស្រីរូបនេះ បានទម្លាយឱ្យអំពីគម្រោងរបស់គូស្នេហ៍ថា៖ «ពេលខ្ញុំជួបគាត់ដំបូង ខ្ញុំដឹងរួចហើយថាគាត់ចាប់អារម្មណ៍ក្នុងការស្វែងរកអចលនទ្រព្យសម្រាប់ការវិនិយោគ។ មិនមានអ្វីពិសេសអំពី (ការទិញអចលនទ្រព្យ)។ វាមិនចម្លែកទេ ប្រសិនបើគាត់ទិញវាដើម្បីរស់នៅជាមួយគ្នា ឬ សម្រេចចិត្តជួលវាចេញ»។
លើសពីនេះ Roxanne ទទួលស្គាល់ថាសាធារណជន កំពុងទន្ទឹងរង់ចាំការប្រកាសដំណឹងរៀបការ ប៉ុន្តែនាងសារភាពថា នាងមិនគិតអំពីវា «មនុស្សស្រីគ្រប់រូបតែងមានការផ្សំផ្គុំ ដូច្នេះខ្ញុំសង្ឃឹមថាគ្រប់គ្នានឹងមិនប្រញាប់ប្រញាល់ជាមួយយើងពេក។ នៅពេលដែលចិត្តខ្ញុំ លែងជឿថានេះជារឿងថ្មី ខ្ញុំបារម្ភថាខ្ញុំនឹងបាត់បង់អារម្មណ៍ភ្ញាក់ផ្អើល។ ខ្ញុំដឹងថាអ្នកគ្រប់គ្នាព្រួយបារម្ភអំពីពួកយើង ប៉ុន្តែខ្ញុំក៏សង្ឃឹមថាខ្ញុំអាចរក្សាភាពឯកជនបាន»។
ក្នុងនោះដែរ Roxanne ក៏បានបន្ថែមទៀតថា៖ «កុំនិយាយច្រើនពីវាអី បើមិនដូច្នោះទេ ខ្ញុំនឹងត្រូវបន្តបដិសេធ និង បដិសេធពាក្យចចាមអារ៉ាមទាំងអស់។ ប្រហែលជាថ្ងៃណាមួយខ្ញុំនឹងរៀបការមែន ប្រហែលគ្មាននរណាម្នាក់ជឿខ្ញុំទេ…!»៕