កំពូលតារាចម្រៀង ៣ ដួង ធ្វើឱ្យកក្រើកដល់អន្តរជាតិ បន្ទាប់ពីធ្វើរឿងដ៏អស្ចារ្យនេះ
ជាការពិតថ្មីៗនេះ កំពូលតារាចម្រៀងស្រីខ្មែរ ៣ រូប បានធ្វើឱ្យមហាជនខ្មែរ មានការរំភើបចិត្ត និង មានមោទកភាពខ្លាំងចំពោះអ្នកទាំងពីរ ក្រោយពីបានបង្ហាញខ្លួនសម្ដែងទស្សនីយភាពដ៏អស្ចារ្យផ្សេងៗគ្នា ដែលបានលើកយកបទចម្រៀងរំលេចដោយទម្រង់សិល្បៈបុរាណខ្មែរដ៏ល្អឯក ដែលកាន់តែធ្វើឱ្យមហាជនខ្មែរចងចាំចំពោះវប្បធម៌ អរិយធម៌ដ៏សម្បូរបែបរបស់ខ្មែរ ជាពិសេសជនបរទេស បានស្គាល់ខ្មែរកាន់តែច្រើនផងដែរ។
១. តារាចម្រៀង ឱក សុគន្ធកញ្ញា
កាលពីរាត្រីនៃថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២១ កន្លងទៅ កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា បានធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យសិល្បៈខ្មែរទូទាំងប្រទេសមានការរំភើបចិត្ត និង ព្រឺសម្បុរមិនតិចនោះទេ ក្រោយពីបានទស្សនាការបង្ហាញខ្លួនសម្ដែងដ៏ប៉ិនប្រសប់ និងអស្ចារ្យបំផុតរបស់អ្នកនាង ក្នុងកម្មវិធី «MEKONG – KOREA FRIENDSHIP CONCERT» ដែលបានបង្ហាញនូវសិល្បៈ វប្បធម៌ អរិយធម៌ ដ៏អស្ចារ្យដែលជារបស់ខ្មែរនៅលើឆាកអន្តរជាតិនេះ។
ក្នុងកម្មវិធីដ៏អស្ចារ្យនេះ កំពូលតារាចម្រៀងស្រីរូបនេះ បានលើកយកបទចម្រៀងជាភាសាខ្មែរ ចំណងជើងថា «រស់ជាខ្លួនឯង» ពោរពេញដោយអត្ថន័យ បូករួមជាមួយនឹងការបង្ហាញនូវទស្សនីយភាពយ៉ាងអស្ចារ្យក្រៃលែង ដែលអ្នកនាងធ្វើការបង្ហាញ និងណែនាំនូវប្រាសាទអង្គរវត្តរបស់កម្ពុជាដល់សកលលោក ព្រមទាំងបានរាំនូវរបាំ «បួងសួងព្រាហ្មណ៍» និង ដាក់បញ្ជូលនូវភ្លេងបុរាណក្នុងការសម្តែងបទចម្រៀងរបស់អ្នកនាងផងដែរ។
២. តារាចម្រៀង ពេជ្រ សោភា
កាលពីយប់ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២១ កន្លងទៅនេះ កំពូលតារាចម្រៀងស្រី ពេជ្រ សោភា ក៏បានធ្វើឱ្យមហាជនអុ្នកគាំទ្រខ្មែរមានការរំភើបចិត្តមិនតិចនោះដែរ ជាមួយនឹងការសម្តែងដ៏អស្ចារ្យនៅក្នុងកម្មវិធី Miss Universe Cambodia ២០២១។
ដោយក្នុងកម្មវិធីនេះ អ្នកនាង មិនត្រឹមតែបង្ហាញវត្តមានលើកដំបូងជាគណៈកម្មការប៉ុណ្ណោះទេ។ ប៉ុន្តែអ្នកនាងក៏បានពាំនាំបង្ហាញនូវផ្ទាំងទស្សនីយភាពដ៏អស្ចារ្យសម្រាប់កូនខ្មែរបានឃើញ និង គួរឱ្យចងចាំទុកផងដែរ ដោយជាការលើកឡើងបង្ហាញពីសិល្បៈវប្បធម៌ខ្មែរ គឺល្ខោនខោល ដែលជាទម្រង់សិល្បៈបុរាណខ្មែរដ៏ល្អឯកមួយ តាមរយៈការបកស្រាយបទ «មកុដស្ត្រី» នៅលើឆាក Miss Universe Cambodia 2021។
៣. តារាចម្រៀង ទេព បូព្រឹក្ស
នាល្ងាចថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២១ កំពូលតារាចម្រៀងស្រីវ័យក្មេង ទេព បូព្រឹក្ស បានបញ្ចេញ MVបទចម្រៀងថ្មីមួយ គឺ «វីរនារី» ដែលគ្រាន់តែចេញជាផ្លូវការភ្លាម បានផ្ទុះការគាំទ្រ និងចែករំលែកកក្រើកពេញបណ្ដាញសង្គម។
លើសពីនេះ ក្រោយបានទស្សនា MV នេះហើយ ទាំងមហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈជាច្រើនសម្ដែងនូវអារម្មណ៍រំភើបចិត្ត ព្រមទាំងបានលើកសរសើរ និងមានមោទកភាពយ៉ាងខ្លាំងចំពោះ តារាចម្រៀង ទេព បូព្រឹក្ស ដែលបានផលិត MV ដ៏ល្អឥតខ្ចោះមួយនេះ ដែលទាំងទស្សនីយភាពដ៏អស្ចារ្យ រំលេចដោយទម្រង់សិល្បៈសម័យថ្មី និង កេរ្តិ៍ដំណែលវប្បធម៌ជាតិ មានល្ខោនខោល ល្ខោនស្រមោលស្បែកធំ ក្បាច់គុនល្បុកតោដ៏ល្អឯក និង អត្ថន័យនៃបទចម្រៀង ដែលលើកតម្កើននូវតម្លៃស្ត្រីខ្មែរដ៏អង់អាច ក្លាហាន និង អស្ចារ្យដែលគ្មាននរណាម្នាក់អាចមើលងាយជាន់ឈ្លីបាន។
គួរឱ្យដឹងផងដែរថា ទម្រាំតែផលិតបាន MV «វីរនារី» ដ៏អស្ចារ្យមួយនេះ កញ្ញា ទេព បូព្រឹក្ស ចំណាយទាំងចិត្តគំនិត ទាំងបេះដូង និង ឆន្ទៈ ព្រមទាំងថវិកាផ្ទាល់ខ្លួន រហូតដល់ ៦០០ លានរៀលឯណោះ ដើម្បីផលិត ដែលនាងគិតគ្រោងទុកជាង ២ ឆ្នាំ ហើយបានចំណាយពេលថតជាង ២ ខែ ព្រមទាំងសហការជាមួយនឹងក្រុមការងាររហូតដល់ទៅ ១២៦ នាក់ទៀតផង៕