ពីក្មេងស្រីរបាំធម្មតាម្នាក់ ពេលនេះ សួស វីហ្សា មានទាំងព្រមស្ទើរក្លាយជាអភិជន ព្រោះមូលហេតុនេះ
មហាជនបានជ្រាបហើយពីជីវិតឯកជនរបស់តារាចម្រៀងស្រី សួស វីហ្សា បន្ទាប់ធីបវិស័យសិល្បៈមួយរយៈធំទៅសាងគ្រួសារយ៉ាងមានសុភមង្គលនោះ។ ពេលនេះគេសង្កេតឃើញថាតារាស្រីរូបនេះ មិនត្រឹមទទួលបានជោគជ័យក្នុងជីវិតគ្រួសារនោះទេ ថែមទាំងកំពុងតែចាប់ដៃស្វាមីសំណព្វចិត្តបោះជំហានប្រឡូកក្នុងវិស័យជំនួញយ៉ាងពេញទំហឹង ដែលឃើញកាន់កាប់មុខជំនួញជាច្រើនក្នុងដៃ។
ម៉្យាងវិញទៀត បើទោះបីជាតារាស្រីរូបនេះកំពុងតែមមាញឹកខ្លាំងជាមួយនឹងមុខជំនួញផ្ទាល់ខ្លួន ព្រមទាំងទទួលភាពជោគជ័យបណ្ដើរៗហើយមែន ប៉ុន្តែជារឿយៗអ្នកនាង នៅតែមិនភេ្លចអាជីពចាស់របស់ខ្លួនដែលឃ្លាតឆ្ងាយមួយរយៈធំនោះឡើយ ដោយអ្នកនាងបានបង្ហោះសារ និង រូបភាពអនុស្សាវរីយ៍ជាច្រើន បង្ហាញពីអារម្មណ៍នឹករឭកខ្លាំងចំពោះវិស័យសិល្បៈចម្រៀងរបស់នាង។
ដោយឡែក ថ្មីៗនេះ កាន់តែចាប់អារម្មណ៍ទៀត ដោយអ្នកនាង សួស វីហ្សា បានបង្ហោះសារទម្លាយពីអតីតកាលរបស់ខ្លួនឱ្យដឹងថា អ្នកនាងមានការតស៊ូខ្លាំងក្នុងជីវិតតាំងពីតូចៗ ធ្លាប់មានឈ្មោះត្រឹមជាក្មេងរបាំបុរាណ ស៊ូរៀនផង ធ្វើការរកលុយជួយគ្រួសារផង។ ក្នុងនោះ អ្នកនាងក៏បានសម្ដែងនូវការដឹងគុណដល់លោកគ្រូអ្នកគ្រូដែលបង្ហាត់បង្រៀនផ្នែកសិល្បៈដល់រូបនាង ព្រោះទម្រាំតែអាចមកដល់ថ្ងៃនេះ និង ជោគជ័យក្នុងជីវិតបែបនេះ ក៏ព្រោះតែវិស័យសិល្បៈនេះដែរ។
សារនោះ អ្នកនាង សួស វីហ្សា បានសរសេររៀបរាប់ថា ៖ «អតីតកាលរបស់ខ្ញុំ ខ្ញុំធ្លាប់ត្រឹមតែជាក្មេងស្រីរាំរបាំបុរាណម្នាក់ ទាំងតូច ទាំងស្គម ទាំងខ្មៅ ទាំងក្រ ទាំងលំបាក កាលនោះត្រូវបែងចែកពេលវេលារៀនសូត្រផង និង យកពេលមកហាត់របាំផង ហើយឆ្លៀតរត់ទៅរៀនច្រៀងទៀត ហេតុតែចង់រកលុយជួយគ្រួសារ ក៏ដោយសារតែខ្ញុំកើតមកខ្ញុំមាននិស្ស័យជាមួយសិល្បៈ មិនថាសិល្បៈផ្នែកបុរាណ និង សម័យ ខ្ញុំមានដុង និង ស្រឡាញ់ពីកំណើត ទើបធ្វើឱ្យខ្ញុំខិតខំប្រឹងប្រែងហាត់រៀនតាំងតែពីតូចអស់រយៈពេលជាង ១០ ឆ្នាំប្លាយ ចង់ប្រាប់ថាបើគ្មានសិល្បៈ ខ្ញុំក៏គ្មានថ្ងៃនេះដែរ ដោយសារសិល្បៈទើបធ្វើឱ្យខ្ញុំមានថ្ងៃនេះ ខ្ញុំមិនភ្លេចគុណអ្នកទេ ខ្ញុំនឹងចងចាំអ្នកអស់មួយជីវិត (សិល្បៈបុរាណ & សិល្បៈសម័យ) (ខ្ញុំក៏មិនដែលភ្លេចគុណលោកគ្រូ អ្នកគ្រូ របាំរបស់ខ្ញុំដែរ ខ្ញុំធ្លាប់សន្យានឹងខ្លួនឯងថា បើពេលណាមួយខ្ញុំធូរធារ ខ្ញុំអាចមានលទ្ធភាព ខ្ញុំនឹងស្វែងរកពួកគាត់ ដើម្បីធ្វើការគោរពដឹងគុណគាត់ ខ្ញុំនឹងប្រកាសស្វែងរកលោកគ្រូអ្នកគ្រូដ៏កម្សត់របស់ខ្ញុំទាំងអស់ក្នុងពេលឆាប់ៗខាងមុខនេះ នេះជាក្តីប្រាថ្នារបស់ខ្ញុំចំពោះអ្នកមានគុណខ្ញុំ)។ ជួបគ្នាក្នុងពេលឆាប់ៗលោកគ្រូ អ្នកគ្រូ អ្នកមានគុណទីពីររបស់កូន»៕