កំពូលខ្សែភាពយន្តដ៏ល្បីទាំង ៧ របស់ពិភពលោក ថតនៅប្រទេសកម្ពុជា ដែលអ្នកមិនទាន់បានដឹង
វិស័យភាពយន្ត ជាឧស្សាហកម្មគ្មានផ្សែងដ៏ធំជាងគេលើពិភពលោក ហើយផលិតករជាច្រើនកំពុងប្រកួតប្រជែងគ្នាបញ្ចេញថ្វីដៃ ផលិតភាពយន្តរបស់ខ្លួនដោយនាំយកទស្សនីយភាពដែលល្អបំផុត ដើម្បីផលិតភាពយន្តរបស់ពួកគេឱ្យឈរនាមជាភាពយន្តប្រកបដោយកិត្យានុភាព។
លក្ខខណ្ឌអាកាសធាតុ សម្រស់ធម្មជាតិ មជ្ឈមណ្ឌលវប្បធម៌ និង នាមជាដែនដីដ៏ចំណាស់ជាងគេនៃប៉ែកអាស៊ីអាគ្នេយ៍ ជាសក្តានុភាពហុចផលវិជ្ជមានបណ្តាលចិត្តផលិតករភាពយន្តជាច្រើនលើពិភពលោក ចង់បោះជំហានមកផលិតភាពយន្តនៅក្នុងប្រទេសកម្ពុជា។ ខាងក្រោមនេះជាភាពយន្តចំនួន ៧ ចំណងជើងដែលល្បីបំផុត និង សមិទ្ធផលក្រោយនាំយកក្រុមការងារផលិតផ្តិតយកទិដ្ឋភាពនៅប្រទេសកម្ពុជាយើង៖
១. រឿង SAME SAME BUT DIFFERENT
ជាខ្សែភាពយន្តអាល្លឺម៉ង់ដែលសម្តែងដោយ David Kross និង តួស្រីជាជនជាតិថៃ Apinya Sakuljaroensuk ដឹកនាំដោយ Detlev Buck ។ Script ភាពយន្តនេះត្រូវបានខាងស្ទូឌីយោរៀបចំសរសេរបន្ទាប់ពីអត្ថបទទស្សនាវដ្តី ជីវប្រវត្តិ ឆ្នាំ ២០០៦ របស់ Benjamin Prüfer បានចេញផ្សាយ ហើយមានការចាប់អារម្មណ៍ខ្លាំងពីអ្នកអានកាសែត មានមនុស្សជាច្រើនដែលនៅមិនទាន់ឆ្អែតឆ្អន់ចង់ដឹងលម្អិតពីខ្សែជីវិតរបស់គូស្នេហ៍ដែលមានតួស្រីមានផ្ទុកមេរោគអេដស៍រូបនេះ ក្រោយមកជោគជ័យនេះបានចេញផ្សាយ Same Same But different ត្រូវបានផលិតជាភាពយន្ត។
ទោះជាខ្សែរឿងទាំងមូលភាគច្រើនថតនៅប្រទេសកម្ពុជា ក៏ប៉ុន្តែឃ្លា SAME SAME BUT DIFFERENT នេះ ភ្ញៀវអន្តរជាតិឃើញច្រើននៅព្រះរាជាណាចក្រថៃ ដែលជាឃ្លាប្រជាជនថៃនិយមប្រើច្រើនជាងគេ។
២. រឿង TOMB RAIDER
Lara Croft: Tomb Raider គឺជាខ្សែភាពយន្តបែបសកម្មភាពផ្សងព្រេងឆ្នាំ ២០០១ ដោយផ្អែកលើស៊េរីវីដេអូហ្គេម Tomb Raider ដែលមានតួអង្គ Lara Croft សម្តែងដោយកំពូលតារាសម្តែងស្រី Angelina Jolie។ ភាពយន្តនេះស្ថិតក្រោមការជាសហប្រតិបត្តិការរអន្តរជាតិរវាងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ជប៉ុន និង អាល្លឺម៉ង់ ត្រូវបានដឹកនាំដោយ Simon West ថ្លែងពីចារនារីសម្ងាត់ឈ្មោះ Lara Croft ដែលត្រាច់ចរផ្សងព្រេងជីករកអាថ៌កំបាំងវត្ថុបុរាណពី Illuminati។
ខ្សែភាពយន្តនេះត្រូវបានចេញផ្សាយនៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០០១ ហើយជាទូទៅបានទទួលការវាយតម្លៃអវិជ្ជមានពីអ្នករិះគន់ច្រើនបន្តិច តែសម្រាប់តួសម្តែង Angelina Jolie គឺត្រូវបានគេសរសើរចំពោះការសម្តែងដ៏ប៉ិនប្រសប់ឥតទាស់។ ខ្សែភាពយន្តនេះផងដែរ គឺជាកំណើតនៃការរកឃើញកូនចិញ្ចឹមជនជាតិខ្មែរ Maddox អំឡុងគ្រាមកដល់ប្រទេសកម្ពុជា ពីតារាសម្តែង Angelina Jolie។
៣. រឿង ACT OF VALOR
Act of Valor គឺជាខ្សែភាពយន្តបែបសង្រ្គាមវាយប្រហាររបស់អាមេរិកឆ្នាំ ២០១២។ ផលិត និង ដឹកនាំដោយលោក Mike McCoy និង Scott Waugh ក្រោមការនិពន្ធអត្ថបទភាពយន្តដោយលោក Kurt Johnstad។ ភាពយន្តនេះចូលរួមសម្តែងដោយ Alex Veadov, Roselyn Sánchez, Nestor Serrano និង Emilio Rivera ថ្លែងពីដំណើរបេសកកម្មរបស់ US Navy SEALs និង US Navy Special Warfare Combatant-craft Crewmen។
ខ្សែភាពយន្តនេះ ត្រូវបានសហការផលិត និង ចេញផ្សាយដោយ Relativity Media នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០១២ ទោះរងការរិះគន់បន្តិច ប៉ុន្តែ Act of Valor ទទួលចំណូលបាន ៨១ លានដុល្លារទូទាំងពិភពលោក ហើយត្រូវបានតែងតាំងនៅក្នុងកម្មវិធី Golden Globe Awards លើកទី ៧០ សម្រាប់បទចម្រៀងដើមដែលល្អបំផុត។ បើអ្នកទស្សនាភាពយន្តនេះ អ្នកនឹងឃើញទិដ្ឋភាពចាប់ជំរិតដ៏ឃោឃៅចាប់ពីស្ពានច្បារអំពៅ រាជធានីភ្នំពេញ ដេញហែរហូតដល់សាលាបឋមសិក្សាចតុមុខ។
៤. រឿង Transformers 3
ចំណងជើងផ្លូវការគឺ Transformers: Dark of the Moon គឺជាខ្សែភាពយន្តប្រឌិតបែបវិទ្យាសាស្ត្ររបស់អាមេរិក ឆ្នាំ ២០១១ ដែលដឹកនាំដោយ Michael Bay ផលិតចេញពីភាពយន្តគំនូរជីវចលចំណជើងដើមគឺ Transformers។ វាជាវគ្គទីបីក្នុងរឿងភាគរឿង Transformers បន្តពីវគ្គ Revenge of the Fallen (2009)។ អ្នកទស្សនានៅរោងភាពយន្តក្នុងស្រុកលាន់មាត់អ៊ូរក្រោយទិដ្ឋភាពមនុស្សយន្តឈរនៅទីតាំងបរវេណអង្គរធំ ប្រាសាទបាយ័ន្តរបស់ខ្មែរ។
៥. រឿង TWO BROTHERS
កូនខ្លាភ្លោះ Kumal និង Sangha ត្រូវបានបំបែកឲ្យនិរាសព្រាត់ប្រាសគ្នានៅពេលដែលឪពុករបស់ពួកគេត្រូវបានសម្លាប់ដោយក្រុមអ្នកប្រមាញ់សត្មានឈ្មោះថា Aidan McRory (Guy Pearce) ។ Kumal បានចាប់ផ្តើមជីវិតនៅក្នុងរោងសៀកមួយ បង្វឹក ហាត់រៀនពីមនុស្ស រសា់នៅបម្រើការកម្សាន្ត ក្រោមអំពើដ៏ព្រៃផ្សៃរបស់មនុស្ស ខណៈដែល Sangha ត្រូវបានចិញ្ចឹមដោយកូនប្រុសរបស់អភិជន (Freddie Highmore) ហើយត្រូវបានគេបំបរបង់ចោលនៅពេលខ្លាតូចបង្ករឿងជម្លោះជាមួយតួអង្គឆ្កែតូចមួយក្នុងភូមិគ្រឹះ។ បងប្អូនខ្លាទាំង២ រស់នៅជីវិត ២ផ្សេងគ្នា តស៊ូដើម្បីរស់រានមានជីវិតនៅក្នុងពិភពលោកដែលសត្វខ្លាត្រូវធ្វើជាទាសករ និង រស់នៅដោយការសម្លាប់គ្នា ក្នុងសង្វៀនកីឡា តែវាសនាបងប្អូនជៀសមិនរួច ចុងក្រោយនៃដំណើរផ្សងព្រេង ពួកគេក៏បានជួបម្ដងទៀតដោយជៀសមិនរួច វាគឺស្ថិតនៅក្រោមកាលៈទេសៈដ៏អាក្រក់បំផុត ជា កីឡដ្ឋានបង្ហូរឈាម នៃសត្វខ្លាខ្ញៀវខ្ញារដោយហ្វូងមហាជន ក្នុងកែវភ្នែកដ៏ស៊ីសាច់ហុតឈាម និង និរាសផ្សងព្រេងបងប្អូន ២នាក់។
៦. រឿង CITY OF GHOSTS
City of Ghosts ជាខ្សែភាពយន្តបែបឧក្រិដ្ឋកម្មតក់ស្លុតរបស់អាមេរិកឆ្នាំ ២០០២ ដែលត្រូវបាននិពន្ធរួមគ្នាដោយដឹកនាំ និង សម្តែងលោក Matt Dillon អំពីតួប្រុសដែលត្រូវភៀសទៅប្រទេសកម្ពុជាដើម្បីប្រមូលប្រាក់របស់គាត់ពីការបោកប្រាស់ពីការធានារ៉ាប់រង។ ភាពយន្តនេះត្រូវបានផលិតក្នុងប្រទេសកម្ពុជាក្នុងទីតាំង រួមមាន រាជធានីភ្នំពេញ និង ភ្នំបូកគោ ដែលជាចុងក្រោយនៃសាច់រឿង។
វាបានបញ្ចាំងជាលើកដំបូងនៅមហោស្រពភាពយន្តអន្តរជាតិតូរ៉ុនតូក្នុងឆ្នាំ ២០០២ ហើយត្រូវបានចេញផ្សាយនៅសហរដ្ឋអាមេរិក នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០០៣។
៧. រឿង FIRST THEY KILLED MY FATHER
First They Killed My Father (មុនដំបូង ខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ) គឺជាខ្សែភាពយន្តប្រវត្តិសាស្ត្រ ដឹកនាំដោយ Angelina Jolie និង និពន្ធដោយ Jolie និង Loung Ung ដោយផ្អែកលើសៀវភៅជីវប្រវត្តិរបស់ អ៊ុង ដែលអ្នកនិពន្ធគឺជាតួឯកក្មេងស្រីក្នុងសាច់រឿង។ ខ្សែភាពយន្តនេះបង្ហាញទិដ្ឋភាពកាលសម័យនៃឆ្នាំ ១៩៧៥ អំពីកុមារីអាយុ ៧ ឆ្នាំ ម្នាក់ឈ្មោះ លួង ដែលត្រូវបានបង្ខំឱ្យទទួលការបណ្តុះបណ្តាលជាទាហានកុមារ ខណៈដែលបងប្អូនបង្កើតរបស់នាងត្រូវបានបញ្ជូនទៅជំរុំការងារក្នុងរបបខ្មែរក្រហម។ ខ្សែភាពយន្តនេះបានចាក់បញ្ចាំងនៅមហោស្រពភាពយន្ត Telluride និងមហោស្រពភាពយន្តអន្តរជាតិតូរ៉ុនតូឆ្នាំ ២០១៧ ហើយត្រូវបានចេញផ្សាយទូទាំងពិភពលោកនៅលើ Netflix នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០១៧៕