ប្រុសស្អាត Sky ប្រាប់ពីមូលហេតុច្បាស់ៗ រឿងមិនទាន់ចង់មានសង្សារ
តារាប្រុសរូបសង្ហាវ័យ ២៣ ឆ្នាំ Sky Wongravee គឺជាតារាចម្រៀង និង សម្ដែងពន្លកថ្មី តែទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន។ ជាពិសេស មុខមាត់ និង រូបរាងដ៏សង្ហាសាច់សខ្ចីដូចបណ្ដូលចេករបស់តារាប្រុសវ័យក្មេងរូបនេះតែងធ្វើឱ្យមហាជនស្រីៗបាក់ចិត្តមិនស្ទើរនោះឡើយ។
ដូចប្រិយមិត្តបានដឹងហើយថា អាជីពជាអ្នកសិល្បៈគឺតែងត្រូវបានមហាជនអ្នកគាំទ្រចាប់ក្រសែភ្នែកតាមដានណាស់ មិនថាសកម្មភាពបែបណា ទង្វើបែបណាសុទ្ធសឹងត្រូវបានអ្នកគាំទ្រសង្កេត។ ហើយបើនិយាយពីរឿងរ៉ាវជីវិតឯកជនវិញ រឹតតែធ្វើឱ្យពួកគេចង់តាមដានខ្លាំងបន្ថែម។
តួយ៉ាងងាកមកមើល តារាប្រុសវ័យក្មេង Sky ឯណេះ ជារឿយៗតែងត្រូវបានអ្នកគាំទ្រចោទសួរជារឿយអំពីទំនាក់ទំនងស្នេហា ដោយហេតុថាមិត្តភក្តិដែលតារាប្រុសរូបនេះដើរជាមួយនោះសុទ្ធសឹងតែមានគូស្នេហ៍ស្ទើរអស់ទៅហើយ លើកលែងតែតារាប្រុស Sky ប៉ុណ្ណោះដែលស្ងាត់មិនព្រមបើកចិត្តយកសង្សារនឹងគេនោះ។
ជាការពិតសម្រាប់រឿងគូស្នេហ៍នេះ Sky តែងត្រូវបានអ្នកគាំទ្រជំរិតសាកសួរមករហូតតែលោកហាក់មិនបានជាឆ្លើយតប។ យ៉ាងណាមិញ កាលពីពេលថ្មីៗ នេះ តារាប្រុសវ័យក្មេងរូបនេះក៏មានឱកាសឡើងក្នុងបទសម្ភាសកម្មវិធីជជែកកម្សាន្តមួយ ដោយក្នុងនោះ Sky ក៏បានដាច់ចិត្តទម្លាយពីមូលហេតុរបស់ខ្លួនដែលមិនព្រមយកសង្សារផងដែរដើម្បីឱ្យអ្នកគាំទ្រអស់ចម្ងល់ផង។
ដូចគ្នានោះ Sky បាននិយាយច្បាស់ៗថា ក្ដីសុខរបស់លោកគឺជាការរស់នៅម្នាក់ឯង បច្ចុប្បន្ននេះលោករស់នៅម្នាក់ឯងមានក្ដីសុខស្រាប់ហើយដូចនេះលោកមិនទាន់ចង់មានគូនោះទេ។ ទោះបីលោករស់នៅម្នាក់ឯងក៏ពុំមានអារម្មណ៍ថាឯកាឡើយ តែប្រសិនបើលោកមានអារម្មណ៍ថាឯកានោះគឺលោកអានសៀវភៅ ឬ ក៏ដើរលេងកម្សាន្តទៅនេះទៅនោះជាដើម។ លើសពីនោះ សព្វថ្ងៃលោកមានសត្វចិញ្ចឹម និង មិត្តភក្តិដូចនេះជីវិតរបស់លោកពុំឯកោឡើយទោះបីជាគ្មានសង្សារក៏ដោយ៕