(វីដេអូ) កុំឱ្យប៉ិនឆ្ងល់! Alek ទម្លាយគ្មានសល់ពីសកម្មភាពស្នេហារបស់ខ្លួន និង Bow ស្វីតខ្លាំង!
ការពិតណាស់ ចំពោះរឿងរ៉ាវស្នេហារបស់ Bow Maylada និង តារាប្រុសរូបសង្ហា Alek Theeradetch បើទោះបីជាអ្នកទាំងពីរទើបតែប្រកាសបើកចិត្តទទួលយកគ្នា និង មើលចិត្តគ្នាក៏ពិតមែន តែស្នេហារបស់អ្នកទាំងពីរហាក់បីទទួលបានការគាំទ្រពីមហាជនអ្នកគាំទ្រមិនតិចនោះទេ ព្រោះម្នាក់ៗចង់ឃើញអ្នកទាំងពីរចាប់ដៃគ្នាសាងស្នេហ៍មួយនេះឱ្យដល់ត្រើយ។
ដោយឡែក អ្វីដែលកាន់តែពិសេសនោះគឺនៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅ លោក Alek Theeradetch ក៏បានចូលខ្លួននៅក្នុងកម្មវិធីសន្និសីទកាសែត «Sansiri x Häagen-Dazs presents Winter Garden at Sansiri Backyard» ដែលខណៈពេលផ្តល់បទសម្ភាសនោះ លោកបានធ្វើឱ្យអ្នកកាសែតក៏ដូចជាមហាជនចំអន់ភ្លាមៗតែម្តង ខណៈពេលលោកហៅ Bow ថាជាសង្សារពេញៗមាត់នោះ។
លើសពីនេះទៅទៀត លោកក៏ទម្លាយគ្មានសល់ពីទំនាក់ទំនងរបស់លោក និង Bow ថា ៖ «ទំនាក់ទំនងរបស់លោក និង Bow ពេលនេះគឺបណ្តើរៗហើយ ទំនេរណាត់គ្នាញុំាបាយ មើលកុនធម្មតា ព្រោះពេលខ្លះ Bow គាត់មិនសូវទំនេរនោះទេ តែសម្រាប់លោកទំនេរគ្រប់ពេល»។ មួយវិញទៀត លោកក៏បន្ថែមទៀតថា ៖ «ទំនាក់ទំនងលោកទើបចាប់ផ្តើម អ៊ីចឹងមិនអាចនិយាយតែទូរស័ព្ទនោះទេ ដូច្នេះត្រូវណាត់ជួបមុខគ្នា ដើម្បីស្គាល់ចិត្តគ្នាឱ្យកាន់តែច្បាស់ជាងនេះហើយ»៕
ប្រភព៖ khaosod