លើកទី ១ លូកដៃចូលបញ្ហាជីវិតកូន ម្តាយ Pinky និយាយផាំងៗបែបនេះ ឱ្យកូនបណ្តូលចិត្ត
កន្លងទៅថ្មីៗនេះ តារាសម្តែងស្រីជើងចាស់ប្រចាំប្រទេសថៃ Pinky Savika ធ្លាប់បានចូលធ្វើបទសម្ភាសក្នុងកម្មវិធី Talk Zaap Show ដោយបានចែករំលែកពីបញ្ហាជីវិត និង គម្រោងការងារក្នុងពេលអនាគត។
Pinky បានចែករំលែកឱ្យដឹងថា ៖ «ចំពោះបញ្ហាបេះដូងនាងពេលនេះគឺមិនមានម្ចាស់ទេ អាចនិយាយបានថាមានអ្នកមកចែចង់ តែភាគច្រើននាងបដិសេធ ដោយឆ្លើយប្រាប់គេងាយៗថា នាងមានគូហើយ ដែលជាហេតុធ្វើឱ្យនាងនៅទំនេរមិនមានអ្នកព្យាបាលបេះដូង»។
Pinky បន្តថា ៖ «ក្រោយលែងលះជាមួយស្វាមី នាងពុំសូវខ្វល់រឿងបញ្ហាគូជីវិតទេ តែនាងគិតគូពីរឿងការងារច្រើនជាង ព្រោះបច្ចុប្បន្ននេះនាងកំពុងតែរីករាយក្នុងការរកប្រាក់ ជាពិសេសក្នុងវិបត្តិកូវីដនេះ នាងលក់ទំនិញអនឡាញបានដាច់ខ្លាំងណាស់»។
«ក្នុងពេលអនាគត នាងក៏មិនទាន់គិតចង់មានគូឆាប់ៗនោះដែរ តែកន្លងទៅមិនយូរប៉ុន្មាន ម្តាយនាងធ្លាប់មកនិយាយរឿងនេះជាមួយនាង ដោយគាត់បានសំណូមពរ គាត់សុំថា សុំឱ្យខ្ញុំឆាប់រកម្ចាស់បេះដូង ហើយបើកចិត្តម្តងទៀត ព្រោះគាត់អាយុច្រើនហើយ គាត់ចង់មានចៅ គាត់ចង់ពរចៅ ចង់មើលចៅ អ្វីបែបនេះ ដែលនេះគឺជារឿងដែលគាត់សុំខ្ញុំ ទាំងដែលកន្លងមកគាត់មិនដែលឈឺឆ្អាល ឬលូកដៃចូលជីវិតខ្ញុំសោះឡើយ»។
«យ៉ាងណាមិញ ខ្ញុំមិនទាន់អាចឆ្លើយតបបានទេ តែអ្វីដែលចង់បញ្ជាក់ប្រាប់ពេលនេះ គឺថានាងខ្ញុំទំនេរ បើសិនជាជួបមនុស្សត្រូវចិត្តខ្ញុំអាចនឹងពិចារណាចំពោះរឿងនេះ»៕
ប្រភព៖ Sanook