(វីដេអូ) Margie ទម្លាយអារម្មណ៍ទាំងទឹកភ្នែក ខ្លាចបាត់បង់ប្តី ពេលឃើញពេទ្យអូសចូលបន្ទប់វះកាត់
កាលពីពេលថ្មីៗកន្លងទៅនេះ គឺជាពេលវេលាមួយដែលគ្រួសារ ក៏ដូចជាមិត្តសិល្បៈរបស់តារាប្រុស Pok Mindset មានការតក់ស្លុតបំផុត បន្ទាប់ពី Margie ចេញមុខទម្លាយថា ស្វាមីខ្លួនបានពិនិត្យឃើញជំងឺដុះដុំសាច់នៅក្នុងខួរក្បាលហើយត្រូវចូលមន្ទីរពេទ្យវះកាត់ជាបន្ទាន់។
យ៉ាងណាមិញ ក្រោយពីទទួលបានការព្យាបាលយ៉ាងយកចិត្តទុកពីក្រុមគ្រូពេទ្យជំនាញ ខណៈនេះ តារាប្រុស Pok ក៏បានជាសះស្បើយ និង ត្រឡប់មកមានសុខភាពដូចធម្មតាហើយ ដែលធ្វើឱ្យក្រុមគ្រួសារ បងប្អូន ជាពិសេសតារាស្រី Margie ជាប្រពន្ធមានចិត្តសប្បាយរីករាយយ៉ាងខ្លាំង។
ក្រោយពីជាសះស្បើយពីជំងឺ ថ្មីៗនេះ ស្រាប់តែលោក Pok និង តារាស្រី Margie បានចេញមកបង្ហោះវីដេអូដែលនិយាយពីអារម្មណ៍របស់ខ្លួនអំឡុងពេលព្យាបាលជំងឺដើម្បីឱ្យមហាជនបានដឹង។ អ្វីដែលមហាជនចាប់អារម្មណ៍ខ្លាំងនោះ គឺ គេឃើញតារាស្រី Margie និយាយទាំងទឹកភ្នែកហូររហាមថា នាងពិតមិននឹកស្មានថារឿងនេះបានកើតឡើងក្នុងជីវិតនាងទៀតនោះទេ ពីព្រោះនាងធ្លាប់បានបាត់បង់មនុស្សជិតខ្លួនអស់ពីនាក់ទៅហើយ ដូចនេះនាងមិនចង់បាត់បង់ប្ដីរបស់នាងម្នាក់ទៀតនោះទេ។
ក្នុងនោះដែរ តារាប្រុស Pok ក៏និយាយទាំងក្តុកក្ដួលថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការទទួលយករឿងនេះ មុននឹងចូលមន្ទីរពេទ្យវះកាត់លោកក៏បានសរសេរលិខិតបណ្ដាំមរតកមួយច្បាប់ទុកឱ្យតារាស្រី Margie និង កូនៗ រួចទៅហើយ ព្រោះលោកគិតថាជីវិតមនុស្សមិនអាចស្ថិតស្ថេររហូតនោះទេ ហើយមើលមិនឃើញនោះទេថាលោកនឹងអាចមានជីវិតថ្មីដែរឬទេក្រោយវះកាត់ដូចនេះមានតែសម្រេចចិត្តធ្វើទុកឱ្យហើយ។
អាចជាបុណ្យកុសលដែលប្រឹងសាងមកល្អ ក្រោយពីវះកាត់ Pok ក៏ទទួលបានជោគជ័យ និង វិលមកមានសុខភាពល្អដូចដើម។ ជាការពិត បើងាកទៅមើលមហាជនក្រោយពីបានទស្សនាវីដេអូខ្លីមួយនោះស្ទើរតែគ្មាននរណាអាចទប់ទឹកភ្នែកបាននោះទេ ពីព្រោះកើតក្ដីអាណិតចំពោះ Margie និង Pok ដែលត្រូវជួបរឿងបែបនោះ៕