មានគ្រួសាររៀងខ្លួនហើយ Rain និង Lee Hyori ទើបទម្លាយថាប៊ិះស្រឡាញ់គ្នា កាលនៅក្មេងៗ
តារាប្រុស Rain និង តារាស្រី Lee Hyori សុទ្ធសឹងតែជាតារា K-pop ជើងចាស់របស់កូរ៉េ ដែលមកទល់ពេលនេះ ពួកគេម្នាក់ៗសុទ្ធតែមានគ្រួសារមានកូនរៀងៗខ្លួន ក៏ដូចជាហាក់ឃ្លាតឆ្ងាយពីសិល្បៈទៅហើយ។
យ៉ាងណាមិញ មកទល់ពេលនេះ តារាទាំងពីររូប ទើបដាច់ចិត្តបង្ហើបទម្លាយពីទំនាក់ទំនងរបស់ខ្លួន កាលពីនៅវ័យកំពុងមមាញឹកនៅក្នុងវិស័យសិល្បៈ ឱ្យមហាជនអ្នកគាំទ្របានដឹងបែបនេះ។
ក្នុងនោះ ខណៈអង្គុយញ៉ាំភេសជ្ជៈជាមួយគ្នានៅក្នុងកម្មវីធីមួយ Rain និង Hyori បានឱ្យដឹងដូច្នេះថា កាលពីដើមឡើយពួកគេពិតជាធ្លាប់បានជួបមុខគ្នាជាញឹកញាប់ខ្លាំងណាស់ ព្រោះតែត្រូវហ្វឹកហាត់ ដើម្បីត្រៀមឡើងសម្តែងចម្រៀងជាមួយគ្នា។
ក្រោយពីហ្វឹកហាត់ហើយ អ្នកទាំងពីរក៏បានចែកផ្លូវគ្នារៀងខ្លួន ដើម្បីទៅសម្រាក មិនបានចេញទៅក្រៅជាមួយគ្នាដើម្បីញ៉ាំស្រាអ្វីជាមួយគ្នាឡើយ ព្រោះ Rain មិនសូវចូលចិត្តនោះទេ ហើយបើសិនជា Rain ចូលចិត្តញ៉ាំដូចជាពេលនេះ ម្ល៉េះកាលនោះពួកគេប្រាកដជាបានទាក់ទងគ្នាជាមិនខាន ដោយសារតែចេញក្រៅជាមួយគ្នាញឹកញាប់។
យ៉ាងណាមិញ អ្នកទាំងពីរក៏បានបន្តទៀតថា ល្អហើយដែលពួកគេមិនបានទាក់ទងគ្នានោះ បើមិនដូច្នោះប្រាកដជា មិនបានមកអង្គុយញ៉ាំស្រាជាមួយគ្នាសើចសប្បាយយ៉ាងនេះនោះទេ៕