ទើបបង្ហោះរូប Pre-Wedding សោះ ពេលនេះ Jason ស្រាប់តែលុបរូបវិញស្ទើរតែអស់ពី IG គ្មានមូលហេតុ
ជឿថាប្រិយមិត្តច្បាស់ជាស្គាល់មិនខាន តារាសម្ដែងប្រុសវ័យ ៤១ ឆ្នាំ លោក Jason Young ដែលជាតារាសម្ដែងប្រុសម្នាក់បានប្រឡូកចូលក្នុងសិល្បៈថៃមកជាច្រើនឆ្នាំ និង បានសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនយ៉ាងល្បីរន្ទឺព្រមទាំងមានអ្នកគាំទ្រយ៉ាងច្រើន។
ជាមួយគ្នានោះ បើងាកទៅមើលពីជីវិតឯកជនរបស់តារាប្រុសរូបនេះ វិញ ថ្មីៗនេះ លោក Jason ក៏ទើបតែបង្ហោះរូប Pre-Wedding ជាមួយនឹងគូដណ្ដឹងរបស់ខ្លួនយ៉ាងស្វីតផុសឡើងលើគណនីអ៊ីនស្ត្រាក្រាម។ ដោយឡែក ក្រោយពីបង្ហោះរូបភាពត្រៀមរៀបការនោះមិនបានប៉ុន្មានផង ស្រាប់គេឃើញតារាប្រុស Jason លុបរូបទាំងអស់នោះវិញ ដោយអ្នកគាំទ្រពុំដឹងពីមូលហេតុនោះឡើយ។
បន្ទាប់ពីឃើញការលុបរូបបែបនេះ ក៏បានធ្វើឱ្យអ្នកគាំទ្រយកកើតក្ដីសង្ស័យថា អ្នកគូស្នេហ៍តារាប្រុសរូបនេះប្រហែលជាអាចចែកផ្លូវគ្នាផងមិនដឹង។ ក្នុងនោះដែរ បើងាកទៅមើលតារាប្រុស Jason ឯណោះវិញ បន្ទាប់ពីព័ត៌មាននេះបានផ្ទុះឡើងពេញបណ្ដាញសង្គមមក កាលពីថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២២ កន្លងទៅលោក ក៏បានចេញមកបង្ហោះក្នុងគណនីរបស់ខ្លួនថា ៖ «ខ្ញុំត្រឹមជាមនុស្សធម្មតាប៉ុណ្ណោះ មិនបានធ្វើល្មើសច្បាប់ និង មិនបានប្រព្រឹត្តិអំពើអាក្រក់ឡើយ ខ្ញុំតែងប្រកាន់នូវសីល ៥ ជានិច្ច មិនចាំបាច់មកអាណិត ឬ ក៏សង្ស័យខ្ញុំនោះទេ។ ខ្ញុំមិនខ្វល់ឡើយ ប្រសិនបើចង់លេងជាមួយខ្ញុំ ខ្ញុំក៏មិនខ្លាចដែរ ខ្ញុំលក់តែស្នាដៃ មិនបានលក់ព័ត៌មានចង់ល្បីឡើយ។
ពួកលោកគួរឱ្យកិត្តិយសបុគ្គលដទៃដែលមិនពាក់ពន្ធនឹងខ្ញុំផង កុំឱ្យប៉ះពាល់ដល់គេ សូមកុំរាលដាលដល់គេទាំងដែលគេនៅស្ងៀមមិនបានធ្វើអ្វីសោះនោះ។ សូមរស់នៅដោយសេចក្ដីស្ងប់រៀងៗខ្លួនទៅ សូមយោគយល់គ្នាផង កុំយកព័ត៌មានទៅធ្វើជាការសប្បាយរបស់អ្នកឱ្យសោះ សូមបញ្ចប់ទៅ បើចង់លេង គឺមកលេងតែខ្ញុំម្នាក់បានហើយ អរគុណក្រុមអ្នកសារព័ត៌មានអាជ្ញាប័ណ្ណត្រឹមត្រូវបាទ»។
បន្ទាប់ពីឃើញសារដែលតារាប្រុសរូបនេះបង្ហោះមក គេឃើញមានអ្នកសិល្បៈ និង អ្នកគាំទ្រជាច្រើនបានចូលទៅខមមិនលើកទឹកចិត្តទៅកាន់លោក។ យ៉ាងណាមិញ សម្រាប់អ្នកគាំទ្រក៏ពុំដឹងច្បាស់ដែរ ថាពេលនេះលោកកំពុងតែមានរឿងអ្វី ហើយជុំវិញរឿងបែកបាក់គ្នាជាមួយគូដណ្ដឹងនោះ ក៏គេពុំបានដឹងច្បាស់នោះដែរថាទៅជាយ៉ាងណានោះ ព្រោះគេពុំទាន់ឃើញមានការបកស្រាយពីលោកនោះទេ៕