ស្លុ-តចិត្ត! តារាហុងកុង Michelle Reis ប៊ិះនឹងបាត់បង់ជីវិត ព្រោះជំងឺនេះធ្វើទុក្ខខ្លាំង
កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២២ តារាសម្ដែងស្រីហុងកុង Michelle Reis ដែលទើបប្រកាសចូលនិវត្តន៍ពីការសម្ដែង បានចែករំលែកពីបទពិសោធជូរចត់របស់នាង ចូលសង្គ្រោះបន្ទាន់រយៈពេល ៤៨ ម៉ោង ទើបបានរួចផុតពីសេចក្តីស្លាប់។
នេះបើតាមការបង្ហើបជាដំណឹងនៅលើបណ្ដាញសង្គម Instagram របស់នាង បានបង្ហាញរូបភាពរបស់នាង គេងសម្រាកនៅលើគ្រែក្នុងបន្ទប់ ICU ហើយមានដាក់ជាប់បំពង់អុកស៊ីហ្សែន ប៉ុន្តែមិនបានប្រាប់ពីព័ត៌មានលម្អិតអំពីជំងឺរបស់នាងនោះទេ។
បើតាមបទសម្ភាសផ្ទាល់របស់នាងជាមួយនឹងសារព័ត៌មានមួយ បានបង្ហើបឱ្យដឹងថា បញ្ហាសុខភាពរបស់តារាស្រីវ័យ ៥១ ឆ្នាំរូបនេះ បានធ្វើទុក្ខឡើងតាំងពីថ្ងៃ ១១ ខែមករា ឆ្នាំ ២០២២ មកម្ល៉េះ ពេលនោះ នាងមានអារម្មណ៍ថា បេះដូងនាងចាប់ផ្តើមលោតញាប់ ពិបាកដកដង្ហើម បាត់បង់ជំហរ។ ដោយដឹងថាស្ថានភាពសុខភាពខ្លួនមិនស្រួល Michelle ក៏បានប្រញាប់ទាក់ទងទៅវេជ្ជបណ្ឌិតរបស់នាង ហើយត្រូវបានបញ្ជូនទៅ ICU ភ្លាមៗ ហើយគ្រូពេទ្យបាននិយាយថា មិនអាចពន្យារពេលទៀតបាននោះទេ គឺអាចនឹងបាត់បង់ជីវិត។
ងាកមកនិយាយពីបទពិសោធនៃទុក្ខសោករបស់នាង Michelle បាននិយាយថា ៖ «រាងកាយមនុស្សគឺបែបនេះ សរីរាង្គមួយប៉ះពាល់ដល់សរីរាង្គមួយទៀត។ លើកនេះសម្ពាធឈាមធ្លាក់ចុះខ្លាំង ដូច្នេះថ្លើម ក្រលៀន បេះដូង សួត និង សរីរាង្គសំខាន់ៗផ្សេងទៀតក៏រងផលប៉ះពាល់ដែរ»។
ក្នុងនោះដែរ តារាស្រីរូបនេះ ក៏បានអរគុណដល់អ្នកគ្រប់គ្នាចំពោះការព្រួយបារម្ភ ហើយផ្តាំផ្ញើដល់គ្រប់គ្នាថា ៖ «ខ្ញុំចង់រំឭកដល់អ្នករាល់គ្នាថា យើងត្រូវតែថែរក្សាសុខភាពរាងកាយរបស់យើង។ គ្មានអ្វីសំខាន់ជាងសុខភាពរបស់អ្នកទេ។ ការមានជីវិតរស់នៅគឺជាជ័យជំនះ ពេលជួបរឿងអ្វីក៏ត្រូវរក្សាភាពវិជ្ជមាន។ ខ្ញុំសូមជូនពរឱ្យអ្នកគ្រប់គ្នាមានសុខភាពល្អ»៕