សំណាងណាស់! កូនប្រុសតារាស្រី ៣ ដួង កើតក្នុងជង្រុកទ្រព្យ រស់នៅយ៉ាងអភិជនទាំងវ័យក្មេង
កន្លងមក «ប្រជាប្រិយ» ធ្លាប់បានលើកយកនូវ រឿងរ៉ាវជីវិតឯកជនរបស់សិល្បករ-សិល្បការិនីជាច្រើនមកហើយជម្រាបជូនដល់មហាជន ក្រោយពីពួកគេបានរៀបការសាងគ្រួសារ និង មានកូនជាទាយាទស្នងត្រកូល។
ក្នុងនោះដែរ ក៏មានកូនៗតារាជាច្រើនហាក់ត្រូវបានមហាជនចាប់ក្រសែភ្នែកមើលពីជីវិតរបស់ពួកគេ ដែលទើបតែកើតមកវ័យខ្ទង់ ១ ឆ្នាំ ឬ ២ ឆ្នាំ សោះ តែអូនតូចៗទាំងនោះ ក្លាយទៅជាទាយាទស្នងត្រកូលដំបូងពីឪពុកម្តាយ ដែលកំពុងរស់នៅក្នុងជីវិតយ៉ាងអភិជន។
ជាក់ស្តែងក្រឡេកទៅមើលតារាស្រី ៣ ដួង ខាងក្រោមនេះ សុទ្ធសឹងតែមានទាយាទស្នងត្រកូលជាកូនប្រុស ហើយត្រូវបានមហាជនលាន់មាត់ពីអូនតូចទាំង ៣ ដែលមានសំណាងតាំងពីថ្ងៃឃើញពន្លឺព្រះអាទិត្យដំបូងកើតមកក្នុងគ្រួសារអភិជនតែម្តង។
១- តារាចម្រៀង ឱក សុគន្ធកញ្ញា
ក្រោយពីបានរៀបការនឹងស្វាមី អ្នកនាង ឱក សុគន្ធកញ្ញា ក៏សម្រេចយកទាយាទស្នងត្រកូលភ្លាមៗ ដោយអ្នកទាំងពីរទទួលបានចំណងដៃអាពាហ៍ពិពាហ៍ជាកូនប្រុស ព្រមទាំងដាក់ឈ្មោះឱ្យអូនតូចយ៉ាងពីរោះថា «អ៊ឹង បញ្ញាបុត្រ» ហៅ ឆលី។ បច្ចុប្បន្នអូនតូច ឆលី មានអាយុជាង ២ ឆ្នាំ មែន តែកូនរបស់តារាចម្រៀងល្បីឈ្មោះរូបនេះ ទទួលបានប្រជាប្រិយភាពពីអ្នកលេងបណ្តាញសង្គមយ៉ាងខ្លាំង ក៏ព្រោះតែមុខមាត់គួរឱ្យស្រឡាញ់ និង ការតុបតែងខ្លួនឃ្យូដៗ។
២- តារាសម្តែង សិទ្ធី នីកា
ក្រោយពីបានរៀបការនឹងស្វាមីសែរាជវង្សហើយនោះ អ្នកនាង សិទ្ធី នីកា ក៏ទទួលបានចំណងដៃអាពាហ៍ពិពាហ៍ជាកូនប្រុសដ៏ស្រស់ស្អាត ដោយអ្នកនាងបានដាក់ឈ្មោះឱ្យរាជបុត្រតូចថា «នរោត្តម ពង្សច័្រកី» ហៅ Enzo ។ ទើបអាយុ ២ ឆ្នាំរាជបុត្រ Enzo ក៏មិនខុសពីម៉ាក់ៗនោះឡើយ ពោលគឺទទួលបានការចាប់អារម្មណ៍ និង ក្តីស្រឡាញ់ពីមហាជនយ៉ាងច្រើនផងដែរ។
៣- តារាចម្រៀង ពេជ្រ សូលីកា
បើទោះជាមិនទាន់បានរៀបការតាមប្រពៃណី តែតារាចម្រៀង ពេជ្រ សូលីកា និង គូដណ្តឹង ទទួលបានចំណងដៃស្នេហ៍ជាកូនប្រុស ហើយពេលនេះអូនតូចមានអាយុ ១ ឆ្នាំ ហើយដែរ។ កូនប្រុស ពេជ្រ សូលីកា មានឈ្មោះថា «ហង្ស អ៊ារីវ៉េនស្តេ» ហៅ Ari ក៏ត្រូវបានមហាជនចាប់អារម្មណ៍នឹងឈ្មោះជាភាសាអង់គ្លេសដ៏ពីរោះនេះខ្លាំងណាស់ដែរ៕