ទើបប្រឡូកសិល្បៈបានជាង ១ ទសវត្សរ៍ Alek ទម្លាយអារម្មណ៍បែបនេះ ចេញមកបាត់ទៅហើយ
Alek Teeradetch តារាប្រុសរូបសង្ហាវ័យ ៣២ ឆ្នាំ ដែលជាគ្រាប់ពេជ្រចាំាងចែងមួយគ្រាប់របស់ស្ថានីយប៉ុស្តិ៍លេខ ៣ ថៃ កំពុងទទួលបានការគាំទ្រខ្ពស់ ជាពិសេសក្រោយបើកបង្ហាញសម្ពន្ធស្នេហាជាមួយតារាស្រី Bow។
គិតមកទល់ពេលនេះអស់រយៈពេលជាង ១២ ឆ្នាំហើយ ដែល Alek បានប្រឡូកចូលសិល្បៈ គិតចាប់តាំងពីឆ្នាំ ២០១០ មក។ ស្រាប់តែថ្មីៗនេះ លោកបានទម្លាយអារម្មណ៍បែបនេះថា៖ «បើសួរខ្ញុំថាមានអារម្មណ៍បែបណា បើសុខៗរបូតតំណែងតួឯក ឬប្រជាប្រិយភាពធ្លាក់ចុះ តើនឹងខឹងក្រោធ ឬក៏បែបម៉េច? ចម្លើយនោះគឺ អត់ទេ! តែខ្ញុំបែរជាមានអារម្មណ៍ថាធូរស្រាលទៅវិញទេ»។
«អាចមានមនុស្សច្រើនលួចច្រណែនចំពោះតំណែងតួឯក ដោយគិតថាមានស្រីៗចោមរោមច្រើន តែសម្រាប់ខ្ញុំតំណែងនេះក៏ផ្តល់សម្ពាធមិនធម្មតានោះដែរ តែបច្ចុប្បន្ននេះខ្ញុំអាយុក៏កើនច្រើនគួរសមដែរ មិនប្រាកដថាប៉ុន្មានឆ្នាំទៀតទេ ដែលមានឱកាសបានដើរតួសំខាន់។ ចំពោះវិថីសិល្បៈខ្ញុំបានត្រៀមចិត្តរួចហើយចំពោះរឿងអស់នោះ តែអ្វីដែលខ្ញុំកំពុងធ្វើពេលនេះ គឺបំពេញតួនាទីឱ្យបានល្អ ឱ្យពេញចិត្តទាំងអ្នកផ្តល់ការងារឱ្យ និងអ្នកគាំទ្រ»។
«រយៈពេលជាង ១០ ឆ្នាំនេះ វាក៏ចាត់ទុកថាពេលវេលាយូរ ហើយក៏បានផ្តល់បទពិសោធន៍ និងការចងចាំល្អៗដល់ខ្ញុំ បើថ្ងៃមុខប្រជាប្រិយធ្លាក់ចុះ ក៏វាស្រេចតែតាមវាសនា។ សម្រាប់ខ្ញុំ ខ្ញុំមើលមកខ្លួនឯងក្នុងអាជីពជាអ្នកសម្តែងវិញ មិនរួញរាទេ ទោះដើរតួអ្វី តួតូច តួធំ សំខាន់អ្វីដែលធ្វើទៅហើយ គឺធ្វើឱ្យអស់ពីចិត្ត។ ថ្ងៃអនាគតអាចមានការងារតិចជាងមុន តែតម្លៃអាចបានច្រើនជាងមុនក៏ថាបាន»៕
ប្រភព៖ Thairath