ធ្លាយការពិត Angela Baby និង ស្វាមី លែងលះគ្នាតាំងពីឆ្នាំមុន តែព្យាយាមលាក់ព្រោះមូលហេតុនេះ
កាន់តែកៀកថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន នៅក្នុងឧស្សាហកម្មកម្សាន្តរបស់ចិន បែរជាផ្ទុះការជ្រួលច្របល់មិនទាន់បាត់នោះទេ ដោយសារតែព័ត៌មានលែងលះគ្នារវាងប្តីប្រពន្ធតារាសម្ដែងលំដាប់ A ដ៏ល្បី Angela Baby និង Huang Xiaoming បានប្រកាសជាផ្លូវការ បន្ទាប់ពីរួមរស់នៅជាមួយគ្នាបាន ៧ឆ្នាំ ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងសម្បើមពីមហាជនអ្នកគាំទ្ររបស់ពួកគេ។
យ៉ាងណាមិញ អំឡុងពេលកំពុងតានតឹងនេះ បើតាមការចុះផ្សាយរបស់សារព័ត៌មាន និង ការបង្ហោះព័ត៌មានលម្អិតមួយចំនួនបានរាយការណ៍នៅលើបណ្ដាញសង្គម Weibo ថា គូស្នេហ៍ដ៏ល្បីមួយគូនេះ បានបញ្ចប់នីតិវិធីនៃការលែងលះតាំងពីឆ្នាំ២០២១ មកម្ល៉េះ។ ដូច្នេះមានន័យថា តារាទាំងពីរ នៅតែប្រកាន់ភ្ជាប់រឿងនេះជាសម្ងាត់ដោយលាក់បាំងព័ត៌មានលែងលះអស់ ១ឆ្នាំទៅហើយ មុនពេលដំណឹងនេះត្រូវបានបែកធ្លាយចេញជាសាធារណៈយ៉ាងភ្ញាក់ផ្អើលបំផុត រហូតដល់មានមនុស្សមួយចំនួនសឹងតែមិនជឿសោះថានេះជាការពិត។
ទោះជាយ៉ាងណា បើតាមការដកស្រង់ចេញពីប្រភព BJH បានឱ្យដឹងថា មុនសម្រេចលែងលះ តារាទាំងពីរបានព្រមព្រៀងគ្នាលើគោលការណ៍ចំនួន ៣ គឺ មិនឃាត់ឃាំងកូនចៅ មិនឈ្លោះដណ្តើមបែងចែកទ្រព្យសម្បត្តិ និង មិនត្រូវធ្វើការផ្សាយព័ត៌មានបង្កាច់បង្ខូចភាគីម្ខាងទៀត។
ម្យ៉ាងវិញទៀត បើតាមប្រភពចេញពីមិត្តជិតដិតនឹង Angela Baby បានបង្ហើបឱ្យដឹងថា បច្ចុប្បន្ននេះ អ្នកទាំងពីរនៅតែរក្សារឿងនេះជាសម្ងាត់ ព្រោះមិនចង់ឱ្យកូនប្រុសដឹងពីរឿងលែងលះរបស់ពួកគេនោះទេ។ ដោយសារតែ កូនប្រុសតូចរបស់ពួកគេ ទើបមានអាយុ ៥ឆ្នាំនៅឡើយ ដូច្នេះនាងចង់ការពារកូនដើម្បីកុំឱ្យរងសម្ពាធពីសាធារណៈ ទាំង កូន និង ស្វាមី ព្រមទាំង Baby ផ្ទាល់ នៅតែគោរពធ្វើតាមគោលការណ៍នោះ៕