ទីបំផុត! ស្វាមី Angela Baby បង្ហាញខ្លួនលើកដំបូងជាសាធារណៈ ក្រោយធ្លាយដំណឹងលែងលះ
នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២២ តារាសម្ដែងប្រុស Huang Xiaoming ដែលត្រូវជាអតីតស្វាមីរបស់តារាសម្ដែង Angela Baby បានបង្ហាញខ្លួនជាសាធារណៈហើយ បន្ទាប់ពីដំណឹងលែងលះរបស់អ្នកទាំងពីរបានបែកធ្លាយ និងផ្ទុះកក្រើកពេញក្នុងវិស័យសិល្បៈ ក៏ដូចជានៅលើបណ្ដាញសង្គមផ្សេងៗផងដែរ។
យោងតាមប្រភពចេញពី Sina បានឱ្យដឹងថា មានអ្នកសារព័ត៌មានបានតាមប្រមាញ់យករូបភាពរបស់លោក Huang Xiaoming ខណៈបង្ហាញខ្លួននៅឯអាកាសយានដ្ឋានក្នុងទីក្រុងប៉េកាំង ជាលើកដំបូង ក្រោយពីបានប្រកាសលែងលះគ្នាជាមួយនឹង Angela Baby ជាផ្លូវការ កាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២២។
ភ្លាមនោះ តារាប្រុសរូបនេះ បានទាញយកការចាប់អារម្មណ៍ពីមនុស្សជុំវិញខ្លួនយ៉ាងខ្លាំង ព្រោះលោកបានស្លៀកពាក់ក្នុងឈុតបិទបាំងជិតឈឹងតាំងពីក្បាលរហូតដល់ចុងជើង។ ទោះជាយ៉ាងណាក៏ដោយ តារាប្រុសត្រកូល Huang រូបនេះ នៅតែមិនអាចគេចពីភ្នែកមហាជនគ្រប់គ្នាបាននោះទេ ដោយគ្រប់គ្នាបានផ្តោតមើលត្រង់ភ្នែករបស់លោកមានសភាពហើម ជាមួយនឹងកាយវិការចម្លែកៗគួរឱ្យចាប់អារម្មណ៍។
បើទោះជាតារាប្រុសរូបនេះ នៅតែរក្សាជំហររបស់លោកបានល្អក៏ពិតមែន ប៉ុន្តែអ្នកគាំទ្រជាច្រើនជឿថា ផ្នែកខាងក្នុងរបស់លោក បង្ហាញចេញយ៉ាងនឿយហត់ និងហាក់ដូចជាហាក់កម្លាំងកំហែង។ អាចនិយាយបានថា រឿងអាស្រូវលែងលះ និង ពាក្យចចាមអារ៉ាមតោងជាប់មិនលែងលើកនេះ បានជះឥទ្ធិពលដល់តារាសម្ដែងប្រុសរូបនេះយ៉ាងខ្លាំង ស្ទើរតែពិបាកនឹងទប់ទល់៕