ឃើញសាមញ្ញៗ ប៉ុន្តែម៉ូដចិញ្ចៀនភ្ជាប់ពាក្យ Hyuna និង Dawn បង្កប់អត្ថន័យយ៉ាងស៊ីជម្រៅណាស់
បន្ទាប់ពីការប្រកាសភ្ជាប់ពាក្យរបស់ Hyuna និង Dawn បានទម្លាយជាផ្លូវការ កាលពីថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២២ ឃើញថាអ្នកគាំទ្ររបស់តារាទាំងពីរ មានក្តីរំភើប និង ភ្ញាក់ផ្អើលជាខ្លាំង ដោយគ្រប់គ្នាបានចូលរួមសម្ដែងក្តីត្រេកអរសាទរដល់គូស្នេហ៍តារា K-Pop ដ៏ផ្អែមល្ហែមមួយគូនេះ នៅពេលដែលពួកគេបានសម្រេចភ្ជាប់ពាក្យនឹងគ្នា ក្រោយពីទាក់ទងគ្នាបាន ៦ ឆ្នាំ។
យ៉ាងណាមិញ សម្រាប់អ្នកគាំទ្រ ពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងម៉ូតចិញ្ចៀនរបស់គូស្នេហ៍មួយគូនេះ ព្រោះថាម៉ូដចិញ្ចៀនរបស់ Hyuna និង Dawn គឺមានភាពខុសប្លែកពីម៉ូតចិញ្ចៀនពេជ្រផ្សេងៗ ដោយសារតែ Hyuna និង Dawn បានជ្រើសរើសប្រភេទត្បូង Opal របស់ប្រេស៊ីល ជាម៉ូតដែលមានតែមួយគត់ ហើយក៏ជាចិញ្ចៀនច្នៃដោយដៃផ្ទាល់ចេញពីម៉ាក Diligems ផងដែរ។
ចំណែកឯអត្ថន័យរបស់ Opal ត្រូវបានគេចាត់ទុកថាជាមន្តស្នេហ៍នៃភាពសំណាង។ សព្វថ្ងៃនេះ ត្បូងប្រភេទនេះ គឺតំណាងឱ្យសេចក្តីស្រឡាញ់ ចំណង់ចំណូលចិត្ត ភាពបរិសុទ្ធ ភក្តីភាព និង ស្មោះស័្មគ្រ។
ក្រៅពីត្បូងធំទម្រង់ភ្នែកឆ្មាខាងក្នុង ចិញ្ចៀនភ្ជាប់ពាក្យរបស់ Hyuna និង Dawn ក៏មានត្បូងតូចៗជាច្រើនផ្សេងទៀត ដែលស៊ីគ្នានឹងរំលេចនូវភាពស្អាតប្លែកភ្នែក ថែមទៀតផង៕