ស្រឡាញ់គ្នា ៧ ឆ្នាំមិនព្រមការ ត្រូវគេថាជាប់អថ័នបែកបាក់ មានអី Esther តបផាំងបែបនេះ ល្មមចត់បាយ!
មហាជនអ្នកតាមដានជីវិតសិល្បៈថៃច្បាស់ជាបានជ្រាបហើយថា តារាប្រុសរូបសង្ហាលោក Ken Phupoom និង តារាស្រីស្រស់ Esther Supreeleela គឺជាសង្សារនឹងគ្នាមកអស់រយៈពេល ៧ ឆ្នាំមកហើយ។ ជាមួយនឹងទំនាក់ទំនងដ៏សែនផ្អែមល្ហែម និង ស្អិតល្មួតក្នុងរយៈពេលដ៏យូរនេះ មហាជនអ្នកគាំទ្រតែងតែទន្ទឹងរង់ចាំថ្ងៃពួកគេទាំងពីរកាន់ដៃគ្នាចូលរោងការ។
ជារឿយៗ នៅលើបណ្ដាញសង្គមគេសង្កេតឃើញថាតារាប្រុសស្រីរូបនេះតែងតែបង្ហាញពីភាពផ្អែមល្ហែមចំពោះគ្នាពុំសូវដាច់ឡើយ។ តួយ៉ាងដោយមើលឃើញពីទំនាក់ទំនងនេះ មហាជនតែងបានចោទសួរ និង ដាស់តឿនជារឿយៗ ថាតើថ្ងៃណាពួកគេទាំងពីរនឹងព្រមព្រៀងកាន់ដៃគ្នាចូលរោងការ? ព្រោះបើយោងតាមទំនាយពីបុរាណថាកាលណាប្រុសស្រី ២ នាក់ ស្រឡាញ់គ្នាបាន ៧ ឆ្នាំ ហើយមិនព្រមរៀបការនោះ គឺជាប់អថ័ន ស្នេហ៍ប៉ះជើងលេខត្រូវបែបបាក់គ្នាទៅវិញ។
យ៉ាងណាមិញ ទន្ទឹមនឹងការចោទសួរ និង ការជួយដាស់តឿននេះ តារាស្រី Esther ក៏បានចេញមកទម្លាយក្នុងបទសម្ភាសមួយកាលពីថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅនេះថា សម្រាប់រឿងអថ័នអ្វីនោះ នាងហាក់ពុំសូវមានជំនឿឡើយ ពោលគឺនាងជឿលើភាពស្មោះត្រង់ និង ក្តីស្រឡាញ់ដែលនាង និង Ken មានរាល់ថ្ងៃចំពោះគ្នាវិញ ដោយហេតុថារាល់ថ្ងៃនេះគូស្នេហ៍នាងពិតជាមានក្ដីសុខណាស់ពុំមានរឿងរ៉ាវរកាំរកូសអ្វីឡើយ។
សម្រាប់រឿងរៀបការនាង និង សង្សារក៏មិនបានបន្ទាន់នោះដែរ គឺរង់ចាំមុខជំនួញមានការរីកចម្រើនរឹងដៃរឹងជើងសិន តែនាងក៏អាចនឹងរៀបការខណៈដែលនាងមានអាយុខ្ទង់ ៣០ ឆ្នាំ ព្រោះបច្ចុប្បន្ននាងទើបតែមានអាយុ ២៧ ឆ្នាំប៉ុណ្ណោះ ប្រហែលអាច ៣ ឆ្នាំទៅមុខទៀត នាងនឹងមានដំណឹងល្អហើយ។
ដូចគ្នាទៅនឹងការទម្លាយបែបនេះ ពិតជាធ្វើឱ្យមហាជនអន្ទះសាបន្ថែមទៀត ព្រោះថាមិនយូរប៉ុន្មានក៏តារាស្រីប្រុសទាំងពីរនេះកាន់ដៃគ្នាបាត់ទៅហើយ បើតាមចិត្តពួកគេបន់ឱ្យតែឆាប់ការឆាប់ៗ ព្រោះម្នាក់ៗពេញចិត្តចំពោះគូស្នេហ៍គូនេះណាស់ ណាមួយជឿរឿងអាថ័នខ្លះៗផង ដូច្នេះពួកគេតែងចង់ឱ្យ Esther និង Ken ឆាប់រៀបការ៕