សូមសរសើរ! បងប្អូនបង្កើតរបស់ ម៉ានិត សុទ្ធតែមានសមត្ថភាពលើការនិពន្ធ ម្នាក់ៗមានស្នាដៃល្អៗជាច្រើន
កន្លងមក មហាជនអ្នកគាំទ្រតារាប្រុស ម៉ុង ម៉ានិត ប្រាកដជាបានជ្រាបមកហើយពីសមត្ថភាព ទេពកោសល្យក្នុងវិស័យសិល្បៈរបស់លោក ដោយមិនត្រឹមតែតារាចម្រៀងតែម្យ៉ាងនោះទេ តែលោក ម៉ានិត ក៏អាចនិពន្ធទំនុកច្រៀង ទំនុកភ្លេង និង សម្តែងបានយ៉ាងស្ទាត់ជំនាញ។ លើសពីនោះ តារាប្រុសរូបនេះក៏បានក្លាយទៅជាអ្នកនិពន្ធសៀវភៅវ័យក្មេង ព្រមទាំងបានបើកហាងសៀវភៅផ្ទាល់ខ្លួនឈ្មោះថា «ស្រឡាញ់សៀវភៅ» ផងដែរ។
កន្លងមក លោកអ្នកច្បាស់ជាបានជ្រាបហើយថា លោក ម៉ានិត គឺមានដុងផ្នែកសិល្បៈដូចទៅនឹងជីដូន ដែលគេស្គាល់ថាជាអ្នកនិពន្ធ និង ដឹកនាំដ៏ល្បី គឺលោកស្រី ពាន់ ភួងបុប្ឋា តែយ៉ាងណាក្រៅពីលោក ម៉ានិត មានសមត្ថភាព ទេពកោសល្យដ៏សំបូរបែបនេះហើយ លោក ក៏នៅមានបងស្រី និង ប្អូនប្រុស ដែលមានដុងមិនខុសពីលោកនោះដែរ ជាពិសេសគឺផ្នែកនិពន្ធសៀវភៅតែម្តង។
លោក ម៉ុង ម៉ានិត មានបងប្អូនចំនួន ៣ នាក់ ដោយលោកជាកូនប្រុសកណ្តាល ហើយបងស្រីច្បងមានឈ្មោះថា ម៉ុង ម៉ូលីនណា និង ប្អូនប្រុសពៅឈ្មោះថា ម៉ុង ម៉ានិត ដោយបងស្រី និង ប្អូនប្រុសរបស់លោក គឺមានស្នាដៃក្នុងការនិពន្ធសៀវភៅជាច្រើន ដែលបានបោះពុម្ពលក់នៅលើទីផ្សារ ជាពិសេសនោះ គឺក្នុងហាង «ស្រឡាញ់សៀវភៅ» តែម្តង៕