Ken Chu តួស៊ីមិន ទម្លាយត្រង់ៗមូលហេតុអត់មានមិត្តដូចគេ សូម្បីតែសមាជិកក្រុម F4 ក៏មិនជិតស្និទ្ធ
បើតាមដកស្រង់ចេញពីបទសម្ភាសរបស់តារាសម្ដែងប្រុស Ken Chu ដែលគេស្គាល់ថាជាតួ ស៊ីមិន សមាជិកក្រុម F4 តៃវ៉ាន់ ជាមួយនឹងទស្សនាវដ្តីចិន GQ បានចេញផ្សាយក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់កន្លងទៅ បានឱ្យដឹងថា តារាប្រុសរូបនេះបានទម្លាយចេញពីអារម្មណ៍របស់ខ្លួន កន្លងមកតែងមានបន្ទុកផ្លូវចិត្តជាច្រើន។
អំឡុងពេលធ្វើបទសម្ភាសនោះ តារាប្រុសរូបនេះ ត្រូវបានគេជជីកសួរអំពីឈ្មោះមិត្តភក្តិរបស់លោក ៣ នាក់ កាលពីអាយុ ២៥ ឆ្នាំ ប៉ុន្តែផ្ទុយទៅវិញ Ken Chu មិនបាននិយាយពីឈ្មោះសមាជិក F4 ណាម្នាក់ទេ គាត់គ្រាន់តែនិយាយពាក្យម៉ាត់ថា៖ «គ្មានទេ»។ ភ្លាមនោះ តារាប្រុសរូបនេះ ក៏បានបង្ហើបពីមូលហេតុតាំងពីគាត់នៅក្មេង ដោយសារតែគាត់រើផ្ទះជាញឹកញាប់ ដូច្នេះទើបគាត់មិនអាចបង្កើតទំនាក់ទំនងឱ្យស៊ីជម្រៅជាមួយនឹងមិត្តភក្តិបានទេ។
ក្នុងនោះ លោកបន្ថែមថា ភាគច្រើនគឺដោយសារបរិយាកាសធ្វើឱ្យលោកបាត់បង់ការទំនាក់ទំនងជាមួយមនុស្សធ្លាប់ស្គាល់ គឺមានតែប្រពន្ធរបស់លោកម្នាក់គត់ ក្រៅពីនេះគ្មាននោះទេ។
អាចនិយាយបានថា វាមិនមែនជារឿងលាក់លៀមទេ ដែល Ken Chu និង សមាជិក F4 ផ្សេងទៀតមិនមែនជាមិត្តជិតស្និទ្ធិ។ ចំណែកឯលោកផ្ទាល់ក៏បានបង្ហាញថា សមាជិក F4 គឺដូចជាមិត្តរួមការងារ មិនសូវមានទំនាក់ទំនងគ្នាច្រើនជាលក្ខណៈឯកជនទេ៕