ចាំតួប្រុសស្រីរឿង «ទេវបុត្រ កំពូលស្នេហ៍» ទេ? រំលងទៅ ១៧ ឆ្នាំ ស្រាប់តែជួបគ្នាជាថ្មី ផ្អើលអ្នកគាំទ្រ
បើងាកត្រឡប់ទៅថយក្រោយប្រមាណជាង ១០ ឆ្នាំមុន ខ្សែភាពយន្តភាគរបស់តៃវ៉ាន់គឺទទួលបានការគាំទ្រខ្លាំងមែនទែនពីសំណាក់មហាជនកម្ពុជា។
ក្នុងនោះដែរ បើត្រឡប់ទៅកាលពី ១៧ ឆ្នាំមុន ពោលគឺក្នុងឆ្នាំ ២០០៥ រឿងភាគតៃវ៉ាន់មួយរឿងដែលមានចំណងជើងថា «Devil Beside You» ឬ «ទេវបុត្រ កំពូលស្នេហ៍» ដែលចូលរួមសម្ដែងដោយតារាសម្ដែង Rainie Yang និង Mike He គឺទទួលបានការគាំទ្រខ្លាំងពីអ្នកគាំទ្រខ្មែរ ដែលជក់ចិត្តដិតអារម្មណ៍ជាមួយសាច់រឿងសឹងតែភ្លេចបាយភ្លេចទឹក។
ក្នុងរឿងនេះដែរ តួស្រីមានឈ្មោះ ឈី យៀក ដែលជាក្មេងស្រីច្រឡឺម តាមលួចស្រឡាញ់មិត្តរួមថ្នាក់ដែលជាប្រុសសង្ហាឈ្មោះ យៀន អ៊ី។ រីឯតួប្រុសវិញ មានឈ្មោះថា ជាំង ម៉ុង ជាតួមានអំនួត និងចូលចិត្តធ្វើបាបតួស្រី។
អស់រយៈកាលជាង ១ ទសវត្សមកនេះ ខ្សែភាពយន្តមួយនេះដែរ នៅតែដក់ជាប់ក្នុងចិត្តអ្នកតាមដានទស្សនាជានិច្ច ហើយព្រមគ្នានោះដែរ នាពេលថ្មីៗនេះ មហាជនអ្នកគាំទ្រតារាទាំង ២ ដួងខាងលើនេះ ស្រាប់តែមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពួកគេបានឃើញវត្តមានរបស់ Rainie និង Mike អង្គុយថតរូបជាមួយគ្នាយ៉ាងរីករាយ ដែលអ្នកគាំទ្រឃើញហើយរំភើបចិត្តជាខ្លាំង។
បើទោះបីជារំលងទៅច្រើនឆ្នាំ វ័យក៏វិវដ្តកាន់តែច្រើនមែនពិត ប៉ុន្តែ Rainie និង Mike នៅតែមានរូបសម្រស់ស្រស់ស្អាត និង សង្ហាដូចដើម គ្មានប្រែប្រួលអ្វីបន្តិចសោះឡើយ៕