ធ្លាយរូបកូនប្រុសតូចរបស់ Angela Baby ដើរតាមម្ដាយទៅកន្លែងថតរហូតដល់យប់
កន្លងផុត ១ ខែមកហើយ បន្ទាប់ពីលែងលះរបស់អតីតប្តីប្រពន្ធតារាសម្ដែងចិនដ៏ល្បី Angela Baby និង Huang Xiaoming បានវិលត្រឡប់ទៅធ្វើការងារវិញរៀងខ្លួន ដោយមិនបកស្រាយបញ្ជាក់អ្វីបន្តទៀតក្នុងរឿងនេះ។
ចាប់តាំងពីត្រឡប់មកវិញ អ្នកទាំងពីរគឺសុទ្ធតែរវល់នៅក្នុងការងាររបស់ពួកគេរៀងខ្លួន ដោយបន្តចូលរួមកម្មវិធីទូរទស្សន៍ ថតទស្សនាវដ្តី ថតសម្ដែងរឿងភាគថ្មី និង ថតផ្សាយពាណិជ្ជកម្ម ជាដើម។ អាចនិយាយបានថា ក្រោយជួបព្យុះក្នុងចំណងអាពាហ៍ពិពាហ៍មក ជីវិតរបស់ Angela ដូចជាមិនមានការប្រែប្រួលខ្លាំងនោះទេ។
យ៉ាងណាមិញ មានរឿងមួយដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៀតគឺ បើតាមការចុះផ្សាយរបស់ Sohu នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ បានឱ្យដឹងថា ថ្មីៗនេះអ្នកកាសែតបានចាប់រូបភាពរបស់កូនប្រុសតូចរបស់ Angela ខណៈប្រុសតូចបានដើរតាមម្ដាយរបស់គេទៅថតឈុតផ្សាយពាណិជ្ជកម្ម។ ដោយបានបញ្ជាក់ថា ថ្ងៃនោះ តារាស្រីរូបនេះ បញ្ចប់ការងារយូរខុសពីរាល់ដងរហូតដល់យប់ជ្រៅបន្តិច។
ជាហេតុ ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះកូនប្រុសតូចរបស់នាង ដែលជាក្មេងស្តាប់បង្គាប់ ដូចជាមនុស្សធំ ដើរចូលទៅក្នុងឡានដោយខ្លួនឯង គ្មានមេដោះចាំមើលថែ និង ដឹកដៃនាំផ្លូវឡើយ។
មិនត្រឹមតែប៉ុណ្ណោះ សុខចិត្តអង្គុយរង់ចាំម្ដាយរបស់គេចេញពីការងាររហូតដល់យប់ ហើយសកម្មភាពតូចៗគួរឱ្យស្រឡាញ់របស់គេ ត្រូវបានការកោតសរសើរជាច្រើនពីមហាជនអ្នកលេងបណ្ដាញសង្គម។
ពិតណាស់ ក្រៅពីការងារ តារាសម្ដែងស្រីរូបនេះ តែងតែចំណាយពេលនៅជាមួយកូនប្រុសនាងច្រើនតាមដែលអាចធ្វើទៅបាន។ អ្វីដែលកត់សម្គាល់នោះ ក្រោយលែងលះគ្នា Angela និង អតីតស្វាមីនាង បានទាន់ព្រមព្រៀងប្រាប់រឿងនេះដល់កូនប្រុសរបស់ពួកគេនោះទេ៕