ស្រុះគ្នាណាស់! តារាល្បីៗនាំគ្នាបន់ស្រន់ សុំឱ្យ Tangmo រួចផុតគ្រោះថ្នាក់ ម្នាក់ៗទន្ទឹងចាំដំណឹងសឹងបែកទ្រូង
កាលពីយប់ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅនេះ តារាសម្តែងស្រី Tang Mo បានធ្លាក់ទឹកនាទន្លេចៅផាយ៉ា ដែលបង្កឱ្យមានការភ្ញាក់ផ្អើលតក់ស្លុតជាខ្លាំង ដល់មហាជន និង អ្នកគាំទ្រ។ ក្នុងនោះ តាំងពីកើតហេតុមក ខាងក្រុមអ្នកស្វែងរកបានខ្វែងដៃខ្វែងជើងតាមរកយ៉ាងសស្រាក់សស្រាំ ប៉ុន្តែមិនទាន់ឃើញស្រមោលរបស់នាងឡើយ។
ជុំវិញហេតុការណ៍ដ៏រន្ធត់មួយនេះ នៅពុំទាន់ទទួលបានដំណឹង ឬ រុករកឃើញតារាស្រីរូបនេះនៅឡើយទេ ដែលជាហេតុធ្វើឱ្យមហាជន ក៏ដូចជាក្រុមគ្រូសាររបស់នាងកំពុងតែព្រួយបារម្ភស្ទើរតែទប់ស្មារតីលែងនឹងទៅហើយ។ បន្ថែមពីនេះគេក៏ឃើញមានអ្នកសិល្បៈជាច្រើន នាំគ្នាបន់ស្រន់បួងសួង សុំឱ្យ Tangmo រួចផុតគ្រោះថ្នាក់ដែលមានដូចជា Aum, Chompoo, Cheer, Pooklook, Pinky, Pancake, Poh, Nine, និង តារាល្បីៗជាច្រើននាក់ទៀត។
គួរបញ្ជាក់ឱ្យដឹងដែរថា តារាស្រី Tangmo បានចេញជិះទូកកម្សាន្តជាមួយមិត្តភក្តិនាងចំនួន ៥ នាក់ផ្សេងទៀត ដោយទូកដែលនាងជិះជាប្រភេទ Speed Boat ពណ៌ស ដែលមានអ្នករួមដំណើរសរុបចំនួន ៦ នាក់ ទាំងសាមីខ្លួន (ប្រុស ៣ ស្រី ៣)។ គិតមករសៀល ថ្ងៃត្រង់ ២៥ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ អស់រយៈពេលជាង ១២ ម៉ោងហើយ ដែលកងកម្លាំងបានចេញតាមរកតារាស្រីរូបនេះ ហើយមិនទាន់ប្រទះឃើញនៅឡើយ មិនដឹងស្លាប់ ឬរស់។