ប៉ូលិសដាក់បន្ទុកមិត្តរួមទូក ៥ នាក់ ក្រោយពីរកឃើញស-ព Tangmo ភ្លាមៗ
ករណីដែលតារាសម្ដែងស្រី Tangmo Nida បានធ្លាក់ចូលទឹកទន្លេចៅប្រាយ៉ា កាលពីថ្ងៃ ២៤ ខែកុម្ភៈ ឆ្នាំ២០២២ ខណៈកំពុងជិះទូកលេងកម្សាន្តជាមួយនឹងមិត្តភក្តិ ៥នាក់ទៀត ក្រោយមកបានទទួលដំណឹងថា តារាស្រីរូបនេះបានធ្លាក់នៅកណ្តាលទន្លេចៅប្រាយ៉ា។
ជាមួយគ្នានោះ ក៏មានបើកការរុករក តាំងពីម៉ោង ១០: ៤០ នាទីយប់នៅថ្ងៃទី ២៤ ខែកុម្ភៈ ដោយបានប្រមូលកម្លាំងជួយសង្គ្រោះ អ្នកជំនាញមុជទឹក ចុះស្រាវជ្រាវជាបន្ទាន់ ចល័តអ្នកចុះរាវរកសាកសពតារាសម្ដែងស្រីរូបនេះទាំងយប់ ដោយចំណាយពេលច្រើនម៉ោង ប៉ុន្តែនៅតែមិនអាចរកឃើញ។
រហូតមកដល់ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅវេលាម៉ោង ១: ១០ រសៀល ក្រុមសង្គ្រោះបញ្ជាក់ថា រកឃើញសាកសពរបស់តារាស្រីរូបនេះហើយ។ នេះបើតាមអ្នកសង្រ្គោះបាននិយាយថា សាកសពរបស់ Tangmo គឺនៅឆ្ងាយពីកំពង់ផែយើងទៅខាងជើង ដែលទើបតែនឹងអណ្តែតចេញពីទឹក។
ភ្លាមនោះដែរ ក៏មានកប៉ាល់ដែលបានឆ្លងកាត់បានចង្អុលប្រាប់ទៅចំណុចបាតទឹក ហើយទូករបស់បងប្រុស Tangmo ជាមួយនឹងក្រុមសង្គ្រោះបានសហការគ្នា។ សភាពសពនោះ គឺពាក់អាវពណ៌ដូចគ្នា ដែលបង្ហាញក្នុងរូបថតចុងក្រោយមុនពេលកើតហេតុ ហើយកន្លែងដែលរកឃើញ គឺជាកន្លែងដែលម្តាយរបស់តារាស្រីរូបនេះ បានដាក់កម្រងផ្កាដើម្បីបួងសួង នៅថ្ងៃទី ២៥ ខែកុម្ភៈ។
បន្ទាប់ពីក្រុមជំនាញ បានយកសាកសពមកខាងលើគោកភ្លាមៗ ក៏មានសេចក្តីរាយការណ៍ថា ប៉ូលិសកំពុងរៀបចំចោទប្រកាន់មិត្តភក្តិ ៥នាក់ ដែលជិះលើទូកជាមួយនាង ក្នុងថ្ងៃកើតហេតុ។ សម្រាប់ព័ត៌មានលម្អិតនឹងជូនដំណឹងជាថ្មីម្តងទៀត៕