ផ្ទុះផ្អើលជាថ្មី! តាមពិតនាង Sand ជានារីភេទទីបី និងមានប្រវត្តិគ្រួសារមិនធម្មតា
ប្រិយមិត្តមួយចំនួនដែលតាមដានរឿងរ៉ាវការស្លាប់របស់តារាស្រី Tangmo ប្រាកដស្គាល់រួចមកហើយនូវជនសង្ស័យទាំង ៥ នាក់ដែលបានធ្វើដំណើររួមទូកជាមួយនាង។ យ៉ាងណាមិញ ជុំវិញហេតុការណ៍ដ៏តក់ស្លុតចំពោះដំណឹងមរណភាពរបស់កំពូលតារាស្រី Tangmo នៅតែក្លាយជាប្រធានបទក្ដៅគគុកនៅលើបណ្ដាញសារព័ត៌មាន ដោយក្នុងចំណោម មនុស្សទាំង ៥ នាក់ដែលជាប់ពាក់ព័ន្ធក្នុងរឿងរ៉ាវនៃការស្លាប់របស់តារាស្រីរូបនេះ គេសង្កេតឃើញថាមហាជន ផ្ទុះការចាប់អារម្មណ៍ខ្លាំងទៅលើ អ្នកចាត់ការផ្ទាល់របស់ Tangmo គឺនាង Gatick និងនាង Sand។
អ្វីដែលកាន់តែភ្ញាក់ផ្អើលនោះ គេសង្កេតឃើញថា ក្រោយរឿងរ៉ាវផ្ទុះឡើង ប្រវត្តិរបស់នារីទាំងពីរខាងលើ ត្រូវបានគេឆ្កឹះកកាយចង់ដឹងពីជីវិតឯកជនរបស់ពួកគេជាបណ្តើរៗហើយ ដោយក្នុងនោះ គេបានចាប់អារម្មណ៍ខ្លាំងជាមួយនឹងជីវិតឯកជនរបស់នាង Sand ដែលនាងបានអះអាងថា Tengmo បានធ្លាក់ទឹក ដោយសារតែតោងជើងនាងបត់ជើងតូច។
យោងតាមប្រភពព័ត៌មានមួយបានទម្លាយឱ្យដឹងថា តាមពិតទៅ Sand នេះ គឺជានារីភេទទី ៣ មានអាយុ ៣៥ ឆ្នាំ និង មានជីវិតស្តុកស្តម្ភ ហាយសូរមិនធម្មតាទេ។ មិនតែប៉ុណ្ណោះ នាងបានបញ្ចប់ការសិក្សាមកពីប្រទេសញូហ្សឺលែន ព្រមទាំងមានគ្រួសារជាអ្នករកស៊ីត្បូងល្បីនៅក្នុងប្រទេសថៃ។ លើសពីនេះទៅទៀត នាងថែមទាំងមានផ្ទះវីឡាធំខ្លាំងមួយ នៅក្នុងខេត្តនុនថៈបុរី ដែលត្រូវបានគេយកធ្វើជាកន្លែងថតរឿងជាញឹកញាប់ទៀតផង។
លើសពីនេះទៅទៀត នាង Sand ត្រូវបានគេទម្លាយឱ្យដឹងបន្ថែមថា នាងស្ថិតនៅក្នុងចង្កោមមនុស្សល្បីៗ ដែលមានសុទ្ធតែបណ្ដុំតារាល្បី និង តារាហាយសូរជាច្រើន ស្គាល់រូបនាង ពោលគឺនាងជាបុគ្គលល្បីមួយរូបនៅក្នុងវង្វង់សិល្បៈ ហើយនាងក៏អ្នកជំនួញរកស៊ី ទទួលទិញកាបូបប្រ៊េន Hermes ទៀតផង៕