បែកគ្នាច្រើនឆ្នាំហើយ! Thang អតីតសង្សារ Tangmo បាននាំគ្រួសារទៅជូនភួងផ្កា ចូលរួមកាន់ទុក្ខ
បើទោះបីបែកគ្នាជាច្រើនឆ្នាំមកហើយក៏ពិតមែន ប៉ុន្តែតារាសម្ដែងប្រុស លោក Thang Pongsakorn បានបង្ហាញក្តីស្រណោះអាល័យចំពោះតារាស្រី Tangmo ត្រូវជាអតីតមិត្តស្រី ក្រោយពីបានឮដំណឹងថា តារាស្រីរូបនេះបានបាត់បង់ជីវិត ដោយសារជួបរឿងហេតុធ្លាក់ពីលើទូកចូលក្នុងទន្លេចៅផាយ៉ា។
ជាក់ស្តែង មុនពេលមានពិធីបុណ្យរបស់តារាស្រី Tangmo ដែលនឹងកំពុងរៀបចំធ្វើឡើងនៅថ្ងៃ ១១ ដល់ ១៣ ខែមីនា នៅព្រះវិហារមួយ ក្នុងទីក្រុងបាងកក លោក Thang រួមទាំងភរិយាវ័យក្មេងរបស់លោក គឺអ្នកនាង Ploy ព្រមទាំងក្រុមគ្រួសារ Chatikawanich បាននាំគ្នារួមដំណើរចេញទូកទៅកាន់កន្លែងដែល Tangmo បានធ្លាក់ទឹក ជូនជាបាច់ផ្កា ក៏ដូចជាភួងផ្កា ដើម្បីចូលរួមកាន់ទុក្ខដល់រូបនាង នៅត្រង់កន្លែងកើតហេតុ កណ្តាលទន្លេចៅផាយ៉ា។
ក្នុងនោះដែរ តារាសម្ដែងប្រុសរូបនេះ ក៏បានសរសេរជាសាររំលែកទុក្ខដល់អតីតមិត្តស្រីរបស់ផងដែរ ដើម្បីជាការកាន់ទុក្ខ និង ជូនដំណើរ Tangmo ទៅកាន់ទីឋានស្ងប់សុខជាលើកចុងក្រោយ ៖ «ឆ្លងកាត់រឿងរ៉ាវជីវិតដ៏នឿយហត់ជាច្រើន។ គេងលក់លើកនេះ មិនចាំបាច់ភ្ញាក់ពីដំណេកជួបរឿងល្អ ឬ អាក្រក់ក្នុងលោកនេះទៀតឡើយ សូមឱ្យអូនទៅបានស្ងប់សុខ។ សូមព្រះមេត្តាប្រោសដល់អូន ហើយ សូមឱ្យលោកពុកនាំកូនស្រីទៅកាន់ភពថ្មី។ ថ្ងៃនេះ បង និង ក្រុមគ្រួសារមកលេង Tangmo ជាលើកចុងក្រោយ»៕