ជាសេដ្ឋីលុយវាល់លាន តែ Noey Chotika មិនទម្រើសកូន បង្រៀនកូនឱ្យស្គាល់រសជាតិជីវិតបែបកសិករ
អស់រយៈពេល ៥ ឆ្នាំមកហើយដែលតារាស្រីរាងតូចច្រឡឹង Noey Chotika បានផ្អាកពីការងារសិល្បៈទៅបំពេញតួនាទីជាភរិយាល្អ ម្ដាយល្អ របស់ស្វាមី និង កូនជាទីស្រឡាញ់។ ទន្ទឹមនឹងការផ្អាកពីសិល្បៈនេះ គេក៏ឃើញមានមហាជនអ្នកគាំទ្រជាច្រើនចង់ឃើញនាងវិលមកចាប់សិល្បៈឡើងវិញ តែទោះជាយ៉ាងណាក្ដីសម្រាប់ពេលនេះនាងក៏ពុំទាន់អាចវិលចូលបានដែរ ព្រោះថាមានកូនតូច ណាមួយមានជំនួញកាន់ក្នុងដៃទៀត។
ក្នុងនោះបន្ទាប់ពីរៀបការទៅ គេកត់សម្គាល់ឃើញថាជីវិតរបស់តារាស្រី Noey Chotika រស់នៅពោរពេញដោយក្ដីសុខសុភមង្គលណាស់ ជារឿយៗគេតែងឃើញនាង និង ស្វាមីបង្ហាញនូវភាពផ្អែមល្ហែមជាមួយគ្នាមករហូត ទោះបីមកពេលនេះអ្នកទាំងពីរមានកូនចំនួន ២ នាក់ហើយក្ដី តែស្នេហាពួកគេនៅតែស្អិតល្មួតដូចគ្រាដើមអ៊ីចឹងដែរ។
ដោយឡែក ខណៈពេលដែលមានគ្រួសារគេឃើញថាតារាស្រីរូបនេះរស់លើគំនរទ្រព្យស្តុកស្តម្ភ ព្រមទាំងចាយជីវិតហាយសូរស៊ីវីល័យណាស់។ យ៉ាងណាមិញ ទោះបីជាតារាល្បី និង មានទ្រព្យសម្បត្តិឥតខ្វះក៏ដោយក៏តារាស្រីរូបនេះ ហាក់មិនទម្រើសកូនឡើយ។
ជារឿយតារាស្រី Noey តែងតែបង្រៀនកូនរបស់ខ្លួនឱ្យស្គាល់ពីជីវិតរស់នៅបែបជនបទ។ តួយ៉ាងថ្មីៗ តារាស្រី Noey និង ស្វាមីក៏បាននាំកូនប្រុសស្រីទាំងពីររបស់ខ្លួនទៅលេងចម្ការស្វាយ ចម្ការចេក នៅឯខេត្តឈៀងម៉ៃ ដោយឱ្យពួកគេទាំងពីរបានដឹងពីការរស់នៅរបស់កសិករ។ ដូចគ្នានោះ បើងាកទៅកូនទាំងពីររបស់តារាស្រីរូបនេះ ខណៈដែលបានទៅលេងចម្ការ ពួកគេទាំងពីរហាក់សប្បាយរីករាយជាមួយនឹងទិដ្ឋភាពស្រុកស្រែខ្លាំងណាស់៕