(វីដេអូ) ក្នាញ់ណាស់! ទើប ២ ឆ្នាំ អូន ឆលី មានដុងសិល្បៈដូចម៉ាក់ៗ ឱក សុគន្ធកញ្ញា ទៅហើយ
ភ្លេចៗត្រចៀកអូនតូច អ៊ឹង បញ្ញាបុត្រ ហៅ ឆលី ដែលជាតំណាក់ឈាមដំបូងរវាងកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា និង លោក អ៊ឹង សុខលី មានអាយុជាង ២ ឆ្នាំហើយ។
យ៉ាងណាមិញ អាយុទើបតែជាង ២ ឆ្នាំសោះ អ្នកប្រុសតូច ឆលី ទទួលបានក្ដីស្រឡាញ់យ៉ាងច្រើនហូរហៀរពីសំណាក់សិល្បករ សិល្បការិនី សាច់ញាតិបងប្អូន ក៏ដូចជាទស្សនិកជនអ្នកគាំទ្រព្រោងព្រាត ព្រោះតែ ឆលី ធំធាត់ឡើងប្រកបដោយភាពឆ្លាតវៃ ហើយថែមទាំងមានមុខមាត់សង្ហាគួរឱ្យក្នាញ់តាំងពីក្មេង។
ជារឿយៗកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា និង ស្វាមី តែងតែថតរូបបង្ហាញពីសកម្មភាពកូនប្រុសសំណព្វចិត្តនៅលើបណ្ដាញសង្គម ក្នុងនោះមានមហាជនអ្នកគាំទ្រជាច្រើន បញ្ចេញយោបល់ក្នុងន័យស្រឡាញ់ក្នក់ក្នាញ់ចំពោះក្មេងប្រុសតូចរូបនេះបន្តបន្ទាប់។
ជាងនេះទៅទៀត មិនត្រឹមតែឆ្លាត ស្តាប់បង្គាប់នោះឡើយ ថ្មីៗនេះ អូន ឆលី បានបញ្ចេញវីដេអូមួយឈរច្រៀង បញ្ចេញកាយវិការយ៉ាងរស់រវើក នៅលើផេកផ្លូវការមានឈ្មោះថា ៖ «Oeng Panhaboth – Charlie» ដោយមានលោកប៉ាជាអេដមីននោះ ធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង។
វីដេអូច្រៀងចម្រៀង អមនឹងកាយវិការនោះ បើទោះមិនដឹងថាអូន ឆលី ច្រៀងបទអ្វី ក៏ព្រោះច្រៀងមិនច្បាស់ពាក្យក្តី តែមហាជនអ្នកគាំទ្រហាក់ក្នាញ់ចរិតគួរឱ្យស្រឡាញ់របស់កូនប្រុស អ្នកនាង ឱក សុគន្ធកញ្ញា ខ្លាំងណាស់។ លើសពីនោះ ម្នាក់ៗលើកឡើងទៀតថា អូន ឆលី ពិតជាមានដុងសិល្បៈដូចម៉ាក់ៗខ្លាំងថែមទៀតផង៕