ចាំតួស្រីរឿង «មូឡាវីន» ទេ? ឥលូវកំពូលតារាស្រីហ្វីលីពីនរូបនេះ សម្រស់ប្រែប្រួលប្លែក
បើនិយាយពីខ្សែភាពយន្តភាគរបស់ប្រទេសហ្វីលីពីន កាលពីជំនាន់មុនៗ ប្រិយមិត្តអ្នកតាមដានក្នុងប្រទេសកម្ពុជាយើងក៏មិនតិចនោះដែរ។ ជាពិសេសរឿងល្បីៗមួយចំនួនដូចជារឿង «ម៉ារីម៉ា» ដែលសម្ដែងដោយតារាសម្ដែង Marian Rivera និង Dingdong Dantes និងរឿង «មូឡាវីន» ដែលសម្ដែងដោយ Angel Locsin, Richard Gutierrez និង Dennis Trillo ជាដើម ដែលភាពយន្តភាគរបស់ហ្វីលីពីនទាំងនេះ គឺមហាជនកម្ពុជាចូលចិត្តតាមដានខ្លាំងបំផុតរហូតចាំ និង គាំទ្រតួអង្គប្រចាំរឿងនីមួយៗរហូតមកទល់សព្វថ្ងៃនេះ។
សម្រាប់រឿងបែបអភិនីហារ «មូឡាវីន» បានផលិតឡើងក្នុងឆ្នាំ ២០០៥ ដែលចូលរួមសម្ដែងជាតួសំខាន់ ពីសំណាក់តារាសម្ដែង Richard Gutierrez, Angel Locsin និង Dennis Trillo ដោយទទួលបានការគាំទ្រយ៉ាងខ្លាំង នាគ្រានោះ។ ក្នុងនោះដែរ បើងាកមកមើលពីសម្រស់ និង រូបរាងតួអង្គស្រីដ៏ល្បីប្រចាំរឿង «មូឡាវីន» នាពេលនេះ គឺកំពុងធ្វើឱ្យមហាជនអ្នកគាំទ្រចាប់ក្រសែភ្នែកយ៉ាងខ្លាំង។ តារាសម្ដែង Angel Locsin ដែលមហាជនកម្ពុជាស្គាល់ច្បាស់ជាតួអង្គ អាវីណា ប្រចាំរឿង «មូឡាវីន» នោះ បច្ចុប្បន្នមានវ័យ ៣៦ ឆ្នាំហើយ ប៉ុន្តែប្រជាប្រិយភាពរបស់នាងនៅតែខ្លាំងដដែល។
ដោយឡែកនាពេលថ្មីៗនេះ មហាជនអ្នកគាំទ្រជាច្រើន បានដាក់ការចាប់អារម្មណ៍ខ្លាំងទៅលើរូបរាងរបស់នាង ដែលមានភាពទ្រលុកទ្រលន់ខុសប្លែកពីមុនខ្លាំងមើលសឹងមិនស្គាល់។ ទោះជាយ៉ាងណា នាងនៅតែទទួលបានការសរសើរចំពោះរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាង ដែលនៅតែស្រស់ស្អាតគួរឱ្យស្រឡាញ់ដដែល បើទោះបីជាបច្ចុប្បន្នហាក់មានសាច់ជាងមុនក្ដី៕