Anna អួលដើម-ក ទម្លាយរឿងឈឺចាប់មិនងាយភ្លេចមួយ ជាមួយ Tangmo ស្តាប់ហើយស្រណោះខ្លាំង
អាចនិយាយបានថា Anna និង Tangmo ជាមិត្តជិតស្និទ្ធនឹងគ្នាខ្លាំងណាស់ តាំងពីសម័យពួកគេនៅក្មេងៗឯណោះ ដែលធ្វើឱ្យមនោសញ្ចេតនាពួកគេហាក់កប់ជ្រាលជ្រៅមិនតិចនោះទេ ជាពិសេសការចាកចេញទៅគ្មានថ្ងៃត្រឡប់របស់ Tangmo ក៏បានធ្វើឱ្យ Anna ឈឺចាប់គ្រាំទ្រូងមិនងាយបាត់ដែរ។
បើទោះជាមិត្តសម្លាញ់បានចាកចេញទៅក្តី តែ Anna នៅតែបន្តរំឭកពីនាងមិនស្ងាត់ ក៏ព្រោះតែនៅស្រណោះ និង ចង់គាស់កកាយអនុស្សាវរីយ៍ ដែលធ្លាប់មានជាមួយគ្នាកន្លងមកនោះ។ ដោយឡែក កាលពីពេលថ្មីៗកន្លងទៅនេះ Anna ក៏បានទម្លាយរឿងឈឺចាប់របស់ខ្លួនជាមួយ Tangmo មួយទៀតហើយ ដែលធ្វើឱ្យមហាជនស្រណោះដល់អ្នកស្លាប់មិនតិចនោះទេ។
Anna បានឱ្យដឹងថា មានថ្ងៃមួយនោះ នាងបានទៅផាប់កម្សាន្តមួយកន្លែងឈ្មោះ Thonglor ជាមួយ Tangmo ហើយពេលនោះ នាងមិនដឹងថា Thonglor ជាអ្វីឡើយ ទើបបានតែងខ្លួនមិនឡូយឆាយនោះទេ ដោយគ្រាន់តែពាក់អាវថោកៗធម្មតា ជាមួយនឹងស្បែកជើងផ្ទាត់ប៉ុណ្ណោះ។
ពេលទៅដល់ភ្លាម Anna ឃើញមានតារាល្បីៗជាង ២០ នាក់ឯណោះ ហើយក្នុងនោះមានតារាពីរនាក់បានមិនពេញចិត្តជាមួយការតែងខ្លួនរបស់នាងឡើយ ដោយមើលទៅហាក់ខ្ពើមរអើមថែមទៀតផង ហើយគេបានហៅ Tangmo មកនិយាយប្រាប់ថា ម៉េចបានមិនមើលការតែងខ្លួនរបស់មិត្តភក្តិផង កម្មវិធីបែបនេះមិនសមជាមួយគេទេ ឱ្យគេចេញទៅក្រៅសិនទៅ។
ភ្លាមៗ មិនចាំយូរឡើយ Tangmo ក៏បានលើកដៃសំពះសុំទោសតារាទាំងពីរនាក់នោះ ហើយ Tangmo ក៏នាំ Anna ចេញទៅក្រៅទៅញ៉ាំបបរសវិញ ហើយលួងបន្លប់នាងជាប់រហូតថាមិនមែនជាកំហុសរបស់នាងនោះទេដែលស្លៀកពាក់មកបែបនេះ គឺនាងជាអ្នកខុសឯងដែលមិនបានប្រាប់ Anna មុន៕