កាន់តែក្ដៅ! ចន ច័ន្ទលក្ខិណា លូកមាត់ភ្លាមៗ ក្រោយផ្ទុះរឿង សូដា នីតា ឈប់ធ្វើការជាមួយ យ៉ែម សំអូន
មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក កំពុងតែផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីតារាស្រី សូដា នីតា បានបង្ហោះរូបភាពមួយសន្លឹកនឹងតារាចម្រៀង យ៉ែម សំអូន ជាមួយនឹងការប្រកាសក្តែងៗជាសាធារណៈថា នាងសុំបញ្ឈប់រាល់ការងារជាមួយក្រុមតន្ត្រី Dara Entertainment ដែលគេដឹងថាជារបស់លោក យ៉ែម សំអូន ចាប់ពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២២ នេះតទៅទៀត។
សារដែល សូដា នីតា ធ្វើឱ្យមហាជនភ្ញាក់ផ្អើលនោះ គឺនាងបានសរសេររៀបរាប់ថា ៖ «១ សន្លឹកនេះ គឺជាសន្លឹកខ្ញុំផុសចុងក្រោយ ដោយ នាងខ្ញុំសូមប្រកាសរាល់ការងារ Dara Entertainment Samonn Yem គឺនាងខ្ញុំសូមបញ្ឈប់ទាំងអស់។ មនុស្សគ្រប់គ្នាតែងតែចង់បានល្អ កុំចេះតែថាឱ្យគេខុស ១០០ ដង ដោយមិនមានអ្នកមិនហ៊ានតប តែដល់ពេលគេហ៊ានតបតាំងពីក្តៅក្រហាយ! កញ្ចក់អាចឆ្លុះខ្លួន មុខ របស់យើង ពេលដែលយើងត្រូវការ តែភ្នែកមនុស្សគឺជាកញ្ចក់ជាប់នឹងសកម្មភាពរបស់មនុស្សគ្រប់គ្នា! រៀនមើលគេល្អខ្លះផង!»។
ការបង្ហោះរបស់តារាស្រី សូដា នីតា មិនត្រឹមតែធ្វើឱ្យមហាជនអ្នកលេងហ្វេសប៊ុកភ្ញាក់ផ្អើលខ្លាំងនោះទេ សូម្បីតែអ្នកនាង ចន ច័ន្ទលក្ខិណា ដែលគេដឹងថាជាអ្នកជិតដិតក្នុងក្រុមតន្ត្រីរបស់លោក យ៉ែម សំអូន ខាងលើ ក៏បានលូកមាត់ក្នុងន័យជួយសម្រួលឱ្យអ្នកទាំងពីរនិយាយដោះស្រាយគ្នាស្ងាត់ស្ងៀមជៀសវាងបង្កការភ្ញាក់ផ្អើលដល់មហាជនដែរ ដោយអ្នកនាងបានបញ្ចេញយោបល់ថា ៖ «មានរឿងអីគួរនិយាយគ្នាស្ងាត់ៗទៅអូន»។
ក្រោយ ចន ច័ន្ទលក្ខិណា ឱ្យយោបល់បែបនេះ គេមិនឃើញ សូដា នីតា តបទេ បែរជាឃើញគណនី Dara Entertainment ដែលជារបស់លោក យ៉ែម សំអូន បានខំមិនតបថា ៖ «សុំទោសផងប្អូន ដែលជាចាស់ទុំនៅក្នុងក្រុមការងាររបស់យើង នេះគឺជាការសម្រេចចិត្តច្បាស់លាស់ហើយរបស់បង ដើម្បីកុំឱ្យប៉ះពាល់អារម្មណ៍ផ្លូវចិត្តទៅថ្ងៃក្រោយហើយទុកមុខរាប់គ្នាផង ឱ្យបងសុំទោសដែលមិនបានសួរយោបល់ហើយសម្រេចរឿងនេះដោយខ្លួនឯង»៕