ថៃ អនុញ្ញាតឱ្យរៀបចំពិធីចូលឆ្នាំ តែហាមលេងជះទឹក ប៉ាតម្សៅ និង ត្រូវធ្វើតាមគោលការណ៍ទាំងនេះ
នៅព្រឹកថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២២ រាជរដ្ឋាភិបាលថៃ បានចេញសេចក្តីប្រកាសទាក់ទងនឹងការរៀបចំពិធីបុណ្យចូលឆ្នាំថ្មី នាពេលខាងមុខនេះ។
ដោយក្នុងនោះរដ្ឋាភិបាលថៃ បានប្រកាសអនុញ្ញាតឱ្យមានរៀបចំពិធីបុណ្យចូលឆ្នាំ តែក៏ត្រូវគោរពតាមគោលការណ៍មួយចំនួន ដែលកំណត់ឡើងដើម្បីធានាសុវត្ថិភាព និង កាត់បន្ថយការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
លក្ខខណ្ឌទាំងនោះមានដូចជា៖
– ត្រូវសុំការអនុញ្ញាតពីសាលាខណ្ឌ ដើម្បីរៀបចំពិធីបុណ្យតាមបែបសាសនា ឬ កម្សាន្តនានា សម្រាប់ការចូលរួមមិនលើសពី ១០០០ នាក់។
– បើរៀបចំពិធី មានអ្នកចូលរួមលើសពី ១០០០ នាក់ ត្រូវសុំការអនុញ្ញាតពីមន្ទីរសុខាភិបាល យ៉ាងហោចណាស់ឱ្យបាន ៥ ថ្ងៃ មុនពេលរៀបចំព្រឹត្តិការណ៍។
– តំបន់ដែលទទួលបានការអនុញ្ញាត ត្រូវពិនិត្យឱ្យតឹងរឹង ដូចជាការបង្ហាញកាត ឬ លិខិតបញ្ជាក់ការចាក់វ៉ាក់សាំង ដោយដាក់នៅច្រកចេញចូល។
– ហាមលក់ និង ប្រើប្រាស់គ្រឿងស្រវឹង។
– ហាមលេងជះទឹក ប៉ាតម្សៅ ឬ សកម្មភាពជប់លៀងក្នុងទម្រង់ប្រមូលផ្តុំគ្នាច្រើន នៅទីសាធារណៈ។
– ត្រូវគ្រប់គ្រងចំនួនមនុស្សដែលចូលរួមឱ្យបានច្បាស់លាស់ និង សម្តែងការចូលរួមជាមួយវិធានការរដ្ឋាភិបាល។
គួរបញ្ជាក់ឱ្យដឹងដែរថា សេចក្តីប្រកាសខាងលើនេះគឺផ្តោតសំខាន់តែនៅក្នុងតំបន់ទីក្រុងបាងកក តែប៉ុណ្ណោះ ចំពោះនៅតាមបណ្តាខេត្ត ឬ ខេត្តដែលមានការឆ្លងតិច គឺអាចនឹងត្រូវលើកលែងចំពោះការអនុវត្តតឹងរឹងតាមវិធានការដែលបានសម្រេច៕
ប្រភព៖ Teenee