ទម្លាយតម្លៃរ៉ូបកូនក្រមុំ ២ ឈុតរបស់ Son Ye Jin ស្លៀក សុទ្ធតែជាម៉ាកល្បីលំដាប់កំពូល
ទីបំផុតបានចូលរោងការហើយ សម្រាប់គូស្នេហ៍តារាកូរ៉េ Hyun Bin និង Son Ye Jin ដែលធ្លាប់ជាដៃគូសម្ដែងក្នុងរឿងភាគដ៏ល្បី «Crash Landing on You» កាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២ នេះ តារាទាំងពីរទើបតែបានរៀបចំពិធីមង្គលការជាលក្ខណៈឯកជន ជាមួយនឹងការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសសំខាន់ៗ និង មិត្តភក្តិជិតស្និទ្ធរបស់ពួកគេប៉ុណ្ណោះ។
ឥឡូវនេះ បង្វែរអារម្មណ៍របស់ប្រិយមិត្តមកដឹងព័ត៌មានលម្អិតពីាឈុតកូនក្រមុំពណ៌សរបស់តារាសម្ដែងស្រី Son Ye Jin បានគ្រងក្នុងរូបថត Pre-Wedding ដ៏ស្រស់ស្អាតរបស់នាង ដែលឈុតដ៏ប្រណីតទាំងនេះ គឺសុទ្ធសឹងជាម៉ាកល្បីៗលំដាប់កំពូល រីឯតម្លៃឈុតទាំង ២ នេះវិញ ក៏ស័ក្តិសមនឹងគុណភាពផងដែរ។
ចាប់ផ្តើមពីឈុតកូនក្រមុំដំបូង ដែលត្រូវបានទីភ្នាក់ងារ Pre-Wedding របស់គូស្នេហ៍ផ្អែមល្ហែមមួយគូនេះ បានទម្លាយនោះគឺជាម៉ាក Vera Wang ជាឈុតកូនក្រមុំ Vera Wang Bridal Spring ២០២០ Collection Camellia Gown វាជារ៉ូបកូនក្រមុំដែលមើលទៅមានភាពទន់ភ្លន់ផ្អែមល្ហែម តម្លៃរបស់រ៉ូបនេះគឺប្រហែល ១២ ០០០ ដុល្លារ។
ចំណែកឯឈុតទី ២ ជាម៉ាក Elie Saab ជាឈុតកូនក្រមុំ Elie Saab Bridal Spring ២០២២ Collection Ball Gown គឺជារ៉ូបកូនក្រមុំមានម៉ូដផ្កាប៉ាក់ប្រៀបដូចផ្កាព្រិលពណ៌ស ផ្នែកខាងលើវាលខ្នងក្រោយ និង ផ្នែកខាងក្រោមរឹបចង្កេះប៉ោងទម្លាក់វែងអូសដី មើលទៅកាន់តែប្រណីត រចនាម៉ូដប្លែកភ្នែកសម្រាប់រ៉ូបម៉ាកនេះ មានតម្លៃ ១៨ ០០០ដុល្លារ៕