អ្នកណាមិនរំភើប! អេដដា ត្រូវមិត្តប្រុសលុតជង្គង់សុំរៀបការ ក្រោយសាងស្នេហ៍ច្រើនឆ្នាំ
បើគិតមកដល់ពេលនេះ រយៈពេលប្រមាណជិត ៥ ឆ្នាំ ហើយ Adda និង គូស្នេហ៍បានបើកចំហចំណងស្នេហ៍ នឹងគ្នាកាលពីអំឡុងចុងឆ្នាំ ២០១៧ កន្លងមក។
កាលនោះ គេចាំបានថាតារាចម្រៀង Original Song ខាងលើនេះ បានបង្ហាញវត្តមានរបស់គូស្នេហ៍តាមរយៈ MV បទ «មានអ្នកថែឬនៅ?»។ ក្រោយមក Adda និង គូស្នេហ៍ជនជាតិបរទេសដ៏ស្រស់សង្ហារូបនោះ ក៏បានបង្ហាញសកម្មភាពផ្អែមល្ហែម យកចិត្តទុកដាក់ និង ទៅណាមកណាជាមួយគ្នាស្ទើរតែគ្រប់ជំហាន សូម្បីតែការធ្វើដំណើរកម្សាន្តទៅកាន់ក្រៅប្រទេស ជាដើម។
ជាក់ស្តែង ក្រោយសាងចំណងស្នេហ៍ដ៏រឹងមាំរយៈពេលប្រមាណជិត ៥ ឆ្នាំ នៅថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២២ Adda បានធ្វើឱ្យអ្នកគាំទ្រ និង មិត្តក្រៅ-ក្នុងសិល្បៈជាច្រើន មានក្តីរំភើប និង អបអរដល់នាងយ៉ាងខ្លាំង ក៏ព្រោះទីបំផុតគូស្នេហ៍របស់នាងបានលុតជង្គង់សុំនាងរៀបការហើយ។
ក្នុងនោះ បើទោះជាមិនទាន់បានបញ្ជាក់ពីពេលវេលាថ្ងៃមង្គលជ័យច្បាស់លាស់ក្តី តែអ្នកគាំទ្រ និង មិត្តក្រៅ-ក្នុងសិល្បៈ បានជូនពររូបនាង និង អនាគតស្វាមីឱ្យជួបតែសុភមង្គលផងដែរ៕