(វីដេអូ) ខានច្រើនឆ្នាំ ពេលនេះ គង់ ចាន់ស្រីមុំ បារខោអាវស្ទើរអស់ពីទូ លក់ឡៃឡុងដើម្បីធ្វើរឿងមួយនេះ
មហាជននិយមតាមដានជីវិតក្រៅ និង ក្នុងសិល្បៈ របស់អតីត Freshie Girl អ្នកនាង គង់ ចាន់ស្រីមុំ ច្បាស់ជាបានជ្រាបមកហើយថា តារាស្រីរូបនេះ មិនត្រឹមតែត្រូវបានដាក់ងារជាតារាស្រីអភិជនតែម្យ៉ាងនោះទេ តែបើក្រឡេកទៅមើលការងារសង្គមវិញ អ្នកនាង គង់ ចាន់ស្រីមុំ ក៏ជាបុគ្គលមួយរូបចូលចិត្តធ្វើបុណ្យទានជួយដល់អ្នកខ្វះខាតថែមទៀតផង។
កន្លងមក ដូចលោកអ្នកបានដឹងហើយ អ្នកនាង គង់ ចាន់ស្រីមុំ ធ្លាប់បានយកថវិកាផ្ទាល់ខ្លួន និង ការប្រមូលថវិកាពីសប្បុរសជនទៅជួយដល់មន្ទីរពេទ្យ វត្តអារាម និង អ្នកទីទាល់ក្រខ្វះខាតជាច្រើនរួចមកហើយដែរ។ ជាពិសេសនោះ កាលពីប៉ុន្មានឆ្នាំកន្លងទៅ នាងបានប្រមូលសម្ភារប្រើប្រាស់ ដូចជាសម្លៀកបំពាក់ កាបូប របស់ខ្លួនយកទៅដាក់លក់ឡៃឡុង យកប្រាក់ទៅជួយដល់មន្ទីរពេទ្យទៀតផង។
យ៉ាងណា ក្រោយខកខានការប្រមូលសម្ភារមួយតឹករបស់ខ្លួនយកទៅលក់ដើម្បីថវិកាជួយអ្នកខ្វះខាតប្រមាណ ២ ទៅ ៣ ឆ្នាំនោះ នៅក្នុងខែមេសា ឆ្នាំ ២០២២ នេះ អ្នកនាង គង់ ចាន់ស្រីមុំ ក៏បានរៀបចំការលក់ខោអាវ កាបូប ឡៃឡុងជាថ្មីទៀតហើយ ដោយនាងបានប្រមូលអីវ៉ាន់មានក្នុងទូរបស់ខ្លួន ទាំងថ្មី និង ធ្លាប់ប្រើប្រាស់បានម្តងពីរដងយកទៅដាក់លក់ផងដែរ។
ក្នុងការដាក់លក់ខោអាវ និង កាបូបឡៃឡុងនេះ អ្នកនាង គង់ ចាន់ស្រីមុំ បានឱ្យដឹងថា ថវិកាបានពីការលក់នោះ នឹងយកទៅដាក់ចូលមូលនិធិ «Momo» ដោយយកទៅជួយដល់អ្នកក្រីក្រខ្វះខាត នៅតាមផ្លូវ និង សាងសង់ផ្ទះជូនអ្នកក្រីក្រគ្មានផ្ទសម្បែង ជាដើម៕