ស្ងាត់បាត់មុខ Gatick យូរពេក ស្រាប់តែ Anna ចេញមុខមកទម្លាយពីស្ថានភាពជីវិតនាងពេលនេះ
អស់រយៈពេលជាង ១ ខែទៅហើយ ដែលរឿងរ៉ាវក្តីក្តាំងការស្លាប់របស់តារាស្រី Tangmo នៅតែមិនទាន់រកឃើញដំរួយសខ្មៅណាមួយជាក់លាក់ឡើយ ដែលធ្វើឱ្យមានការរង់ចាំអន្ទះសានៅមិនសុខយ៉ាងខ្លាំងពីសំណាក់គ្រួសារមិត្តភក្តិរបស់នាង ក៏ដូចជាមហាជនផងដែរ។
យ៉ាងណាមិញ ខណៈថ្មីៗនេះ អ្នករួមទូក ៣ នាក់ ដែលត្រូវបានគេសង្ស័យខ្លាំង គឺ Sand, Poh និង Robert ត្រូវបានតុលាការចេញដីការកោះហៅខ្លួន ប៉ុន្តែគេហាក់មិនឃើញមានវត្តមានរបស់ Gatick នោះទេ ទាំងដែលនាងក៏ជាអ្នកដែលត្រូវគេសង្ស័យដូចគ្នា។
លើសពីនេះទៅទៀត បើគិតមកទល់ពេលនេះ គឺនាងក៏បានបាត់មុខពីសារព័ត៌មាន និង អារម្មណ៍របស់មហាជនយូរគួរសម ដែលធ្វើឱ្យមានអ្នកចង់ដឹងពីជីវិតនាងសព្វថ្ងៃមិនតិចនោះទេ។ យ៉ាងណាមិញ ទាក់ទងនឹងរឿងនេះ Anna ដែលជាមិត្តភក្តិ Tangmo ក៏ដូចជាអ្នកស្គាល់គ្នាជាមួយ Gatick ក៏បានចេញមុខមកទម្លាយទាក់ទងនឹងជីវិតនាង ឱ្យមហាជនបានដឹងនៅក្នុងបទសម្ភាសមួយផងដែរ។
Anna បានឱ្យដឹងថា ក្រោយពីកើតរឿង Gatick គឺស្ងាត់បាត់មាត់ខ្លាំងបំផុត ដោយមិនសូវនិយាយ និង ទំនាក់ទំនងជាមួយនរណាឡើយ ក្រៅពីមេផ្ទះរបស់ Tangmo ដែលជាញាតិមិត្តរបស់នាង។ ក្រោយមានបញ្ហាមក មេផ្ទះនោះក៏ត្រូវគេឱ្យចេញពីផ្ទះរបស់ Tangmo រួចគាត់ក៏បានទៅនៅជាមួយ Gatick ដើម្បីចាំមើលថែនាង និង កូនស្រី។
សម្រាប់ Gatick ក៏បានទៅផ្តល់ចម្លើយឱ្យប៉ូលិស ៥ ដងរួចមកហើយ ព្រោះជាអ្នកត្រូវសង្ស័យខ្លាំងបំផុត ហើយពេលនេះ នាងប្រហែលជាកំពុងសំងំនៅផ្ទះនៅឡើយ។ លើសពីនេះទៅទៀតនាងក៏ប្រហែលកំពុងត្រៀមទទួលការងារវិញហើយ តែមើលទៅគឺទៅមុខមិនរួចទេ ឱ្យតែនាងបានចេញក្រៅទៅទិញអីវ៉ាន់ផ្សេងៗឱ្យរួចសិនទៅ ព្រោះមានអ្នកស្អប់ និង អ្នកខឹងនាងច្រើនណាស់ ដូច្នេះការត្រឡប់មកប្រើប្រាស់ជីវិតដូចដើម គឺវាពិបាកខ្លាំងសម្រាប់នាង៕