ទាំងនេះជាហេតុផល ធ្វើឱ្យកំលោះ Ohm Kanin ជ្រើសយកជីវិតនៅម្នាក់ឯង មិនប្រាថ្នានារីណា
មហាជនភាគច្រើនច្បាស់បានស្គាល់រួចមកហើយ តារាសម្ដែងប្រុសលោក Ohm Kanin ដែលជាតារាប្រុសកូនកាត់ថៃ-អូស្ត្រាលី មានរូបសម្រស់ស្រស់ស្អាតស្បែកសខ្ចីដូចបណ្ដូលចេក រាល់មហាជនឃើញហើយតែងលាន់មាត់សរសើរព្រមទាំងលង់ស្រឡាញ់គ្រប់ៗគ្នា។
តារាប្រុសរូបនេះបានបញ្ចប់ការសិក្សាផ្នែកស្ថាបត្យកម្ម ពីសាកលវិទ្យាល័យ ជុឡាឡុងកន តែហេតុតែមានទេពកោលស្យ និង ទឹកចិត្តស្រឡាញ់វិស័យសិល្បៈពីកំណើតតារាប្រុស Ohm ក៏បានចូលប្រឡូករហូតទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញពេញប្រទេស។ សព្វថ្ងៃអ្នកកំលោះកូនកាត់ Ohm Kanin មានអាយុ ៣៣ ឆ្នាំហើយ តែសម្រស់មើលទៅក្មេងដូចអាយុ ១៨ ឆ្នាំអ៊ីចឹងដែរ ដោយអាយុ និង រូបសម្រស់ហាក់ខុសគ្នាឆ្ងាយ។
ដោយឡែកងាកមកមើលជីវិតឯកជនរបស់តារាប្រុស Ohm វិញ ខណៈនេះទោះបី មានអាយុ ៣៣ ឆ្នាំទៅហើយតែលោកហាក់ពុំទាន់សម្លឹងមើលឃើញនារីណាម្នាក់មកថែបេះដូងឡើយ។ នេះបើតាមការឱ្យដឹងតាមរយៈសារព័ត៌មានក្នុងស្រុកមួយ Ohm បានទម្លាយថា៖ «បច្ចុប្បន្នលោកពុំទាន់មានស្នេហានោះទេ មូលហេតុដែលលោកជ្រើសរើសនៅម្នាក់ឯងនោះក៏ព្រោះតែ លោកពុំសូវមានពេលវេលាគ្រប់គ្រាន់មើលថែនរណាម្នាក់។ ណាមួយទៀត លោកពេញចិត្តជីវិតម្នាក់ឯងជាង ព្រោះទៅណាមកណាស្រួលមិនចាំបាច់មានអ្នកសួរនាំលោកច្រើន។ អ្វីដែលសំខាន់នោះគឺ លោកមានមិត្តភក្តិជាអ្នកផ្ដល់ក្ដីសុខឱ្យ ហើយលោកក៏ពិតជារីករាយនៅជីវិតបែបនេះដែរ»។
លើសពីនោះ តារាប្រុស Ohm ក៏បានទម្លាយពីលក្ខណៈមនុស្សស្រីដែលខ្លួនពេញចិត្តផងដែរថា៖ «សម្រាប់លោកមនុស្សស្រី ដែលលោកពេញចិត្តនោះគឺ ជាមនុស្សដែលមើលឃើញពិភពលោកក្នុងផ្លូវវិជ្ជមានជានិច្ច ព្រោះនៅពេលមានបញ្ហាអ្វីមួយ គឺស្រួលក្នុងការនិយាយគ្នា ងាយនឹងកែខៃបញ្ហា ឆាប់យល់គ្នា តែបើថាប៉ះមនុស្សអវិជ្ជមាន ប្រច័ណ្ឌច្រើន គឺជឿថាស្នេហាមិនអាចនៅបានយូរនោះទេសម្រាប់លោក»៕