សេដ្ឋីលាក់មុខ! ជីវិតក្រៅឆាករបស់ Ken មានផ្ទះដល់ទៅ ៤ កន្លែង ហើយមាននៅក្រៅប្រទេសទៀត
Ken Theeradeth តារាប្រុសរូបសង្ហាវ័យ ៤៤ ឆ្នាំ ដែលបានសាងឈ្មោះបោះសំឡេងលើវិថីសិល្បៈថៃចាប់តាំងពីឆ្នាំ ១៩៨៥ រហូតមកទល់បច្ចុប្បន្ន។
Ken ត្រូវបានមហាជនថៃទទួលស្គាល់ថាជាតារាប្រុសលំដាប់កំពូលមួយរូប ដែលមានស្នាដៃរឿងល្បីៗជាច្រើន ជាពិសេសគឺជាមនុស្សពូកែថែរក្សារូបរាង និង មុខមាត់ហាក់មិនប្រែប្រួលសោះឡើយ។
បន្ថែមពីនេះ គេបានដឹងថាជីវិតក្រៅឆាក Ken ហាក់បីដូចជាសេដ្ឋីលាក់មុខមួយរូប ដែលមានទ្រព្យសម្បត្តិច្រើន តែចូលចិត្តរស់នៅសាមញ្ញៗជាមួយក្រុមគ្រួសារ។ Ken មានផ្ទះដល់ទៅ ៤ កន្លែង ដោយ ១ នៅឯប្រទេសជប៉ុន និង ៣ នៅក្នុងប្រទេសថៃ។
ផ្ទះនៅឯប្រទេសជប៉ុនគឺជាផ្ទះលម្ហែ ដែល Ken បានទិញទុកសម្រាប់ពេលវិស្សមកាល ព្រោះតែភរិយាខ្លួនចូលចិត្តទៅលេងនៅឯប្រទេសជប៉ុន បច្ចុប្បន្នផ្ទះនេះត្រូវបានដាក់ជួលឱ្យភ្ញៀវទេសចរណ៍ ដោយក្នុងតម្លៃពី ៥០០ ទៅ ៧០០ ដុល្លារ ក្នុងមួយយប់ និង តាមរដូវកាលឡើងចុះរបស់ទេសចរណ៍។ នៅពេលដែល Ken និង ភរិយាមានបំណងទៅជប៉ុន ផ្ទះនេះនឹងត្រូវបង្កកទុកសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន។
ផ្ទះទី ២ គឺផ្ទះបែបទេសភាពព្រៃភ្នំ នៅឯតំបន់ Khao Yai ប្រទេសថៃ។ ដោយផ្ទះមួយនេះគឺធ្លាប់បានយកថតរឿងភាគ Ra Rerng Fai ដែលតួឯកជា Ken ផ្ទាល់ ជាមួយដៃគូសម្តែង Nune ផងដែរ។
ផ្ទះទី ៣ គឺមានទីតាំងស្ថិតនៅក្នុងក្រុងបាំងកក ជាផ្ទះបែបសម័យទំនើបលក្ខណៈគ្រួសារ មានអាងទឹក មានសួនច្បារ សម្រាប់ឱ្យកូនប្រុសទាំង ២ របស់លោករត់លេងយ៉ាងរីករាយ។
រីឯផ្ទះទី ៤ គឺជាផ្ទះសួនស្ថិតនៅជាយក្រុង ដែលទើបសាងសង់រួច មានទេសភាពស្អាត និង ខ្យល់អាកាសបរិសុទ្ធ ជាពិសេសគឺពោរពេញដោយធម្មជាតិ មានដើមឈើដុះជុំវិញ មានទីធ្លាធំទូលាយ និង តុបតែងស្រស់ស្អាតខ្លាំង៕