ធ្វើឱ្យគេសើចសប្បាយ តែក្រោយខ្នង អេណា ធ្លាប់រងសម្ពាធ មានគេមាក់ងាយទៅវិញ
អ្នកលេងបណ្ដាញសង្គម ទាំងហ្វេសប៊ុក និង TikTok ច្បាស់ជាបានស្គាល់ហើយ អេណា ដែលជាតារាកំប្លែងស្ងួត កំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីបណ្ដាអ្នកលេងបណ្ដាញសង្គមជាច្រើនស្រឡាញ់ចូលចិត្តរូបនាងតាមរយៈការធ្វើវីដេអូសាច់រឿងខ្លីៗបែបកំប្លែងស្ងួតជាមួយម្ដាយ ដោយតែងធ្វើឱ្យមហាជនបានទស្សនាហើយ ផ្ទុះសំណើចសើចសប្បាយគ្រប់គ្នា។
ជាមួយនឹងភាពល្បីល្បាញដោយសារទេពកោសល្យនៃការសម្ដែងសាច់រឿងកំប្លែងស្ងួតនេះដែរ ធ្វើឱ្យ អេណា និង ម្ដាយ កំពុងតែក្ដោបបានការងារជាច្រើន ដែលលេចមុខចូលរួមកម្មវិធីផ្សេងៗលើកញ្ចក់ទូរទស្សន៍ ក៏ដូចជាថតវីដេអូផ្សព្វផ្សាយឱ្យផលិតផលក្នុងស្រុកជាច្រើនផងដែរ។
ដោយឡែក ស្របពេលកំពុងទទួលបានប្រជាប្រិយភាពខ្លាំង គេក៏បានឃើញ អេណា ត្រូវបានអញ្ជើញចូលរួមកិច្ចសម្ភាស «Laugh And Love Talk Show» ដែលនិយាយរៀបរាប់ពីរឿងរ៉ាវពីជីវិតក្នុងវិស័យនេះ ទាំងភាគជោគជ័យ និង ភាពលំបាកមានឧបសគ្គជាច្រើនផងដែរ។
អ្វីដែលចាប់អារម្មណ៍ខ្លាំង អេណា បានធ្វើការទម្លាយទាំងទឹកភ្នែកពីជុំវិញការធ្វើវីដេអូសាច់រឿងកំប្លែងរបស់នាង បានឱ្យដឹងថា ទម្រាំជោគជ័យដូចសព្វថ្ងៃ នាងធ្លាប់ទទួលរងសម្ពាធ ការមាក់ងាយខ្លាំងសព្វគ្រប់បែបយ៉ាងពីមនុស្សមួយចំនួន ដែលបានថាឱ្យនាងរៀនបានខ្ពង់ខ្ពស់តែបែរជាធ្វើវីដេអូបែបឆ្កួតៗ ថែមទាំងនាំម្ដាយរបស់នាងមកសម្ដែងជាមួយទៀត។
ក្នុងវីដេអូកិច្ចសម្ភាសនេះ អេណា បានរៀបរាប់ថា ៖ «គេថាខ្ញុំរៀនដល់បរិញ្ញាបត្រហើយទៅធ្វើវីដេអូរបៀបអាចហៅថាឆ្កួត គេមាក់ងាយយើងសព្វគ្រប់បែបយ៉ាងថា យើងធ្វើវីដេអូបែបឆ្កួតៗ ឆ្កួតតែឯងហើយនាំម៉ាក់មកសម្ដែងជាមួយទៀត អ៊ីចឹងខ្ញុំឮពាក្យហ្នឹងហើយមានអារម្មណ៍ថាខឹង ប៉ុន្តែម៉ាក់របស់ខ្ញុំគាត់សប្បាយជាមួយខ្ញុំ ហើយខ្ញុំគិតថាអត់មានប៉ះពាល់អីផង ធ្វើវីដេអូសប្បាយជាមួយម៉ាក់ដូចគ្មានអ្វីខុសទាស់ទេ ខ្ញុំមិនបានធ្វើអ្វីដែលប៉ះពាល់ដល់អ្នកដទៃ គ្រាន់តែធ្វើជាលក្ខណៈគ្រួសារ អ៊ីចឹងខ្ញុំគ្រាន់តែផ្ដាំទៅអ្នកដែលមើលងាយ មកដល់ឥឡូវពួកគាត់អត់ហ៊ានមើលមុខខ្ញុំទេ»៕
សូមទស្សនាវីដេអូខាងក្រោម៖