៥៦ ឆ្នាំដែលរង់ចាំ ទីបំផុត Morris តារាថៃកូនកាត់អាហ្វ្រិច បានរកឃើញឪពុកបង្កើត យ៉ាងនឹកស្មានមិនដល់
ប្រិយមិត្តខ្លះប្រាកដជាបានស្គាល់លោក Morris មកហើយ ដែលលោកគឺជាពិធីករ និង ជាតារាសម្តែងប្រុសល្បីម្នាក់នៅថៃ។ លោកជាកូនកាត់ថៃ -អាហ្រ្វិក ហើយបើទោះបីជាលោកជាកូនកាត់ក៏ដោយ តែលោកបានកើតចាប់កំណើត និង រស់នៅក្នុងប្រទេសថៃតាំងពីតូចមកម្ល៉េះ។
យ៉ាងណាមិញ ថ្មីៗនេះសារព័ត៌មានក្នុងស្រុករបស់ថៃជាច្រើនបានចែករំលែកពីរឿងរ៉ាវជីវិត និង ផ្សព្វផ្សាយពីដំណើរតាមរកឪពុកយ៉ាងកម្សត់របស់លោក ក្រោយពេលលោកឃ្លាតពីឪពុកតាំងពីតូច ដោយសារតែម្តាយ និង ឪពុកបានលែងលះគ្នានោះ។
បន្ទាប់ពីការរង់ចាំ និង តាមរកឪពុកតាំងពីតូច រហូតលោកមានអាយុ ៥៦ ឆ្នាំមកនេះ ទីបំផុតនៅដើមខែមេសា ឆ្នាំ ២០២២ នេះ ក្តីសុបិនចង់ជួបមុខឪពុកបង្កើត ក៏បានកើតមានលើរូបលោកយ៉ាងពិតប្រាកដមែន ដោយលោកទទួលបានដំណឹងកាលពី ៣ ឆ្នាំមុនថា លោកឪពុកនៅមានជីវិត រហូតការព្យាយាម និង មិនបោះបង់មួយនេះ បានធ្វើឱ្យលោកជួបមុខឪពុកបង្កើតដែលជាជនជាតិអាហ្រ្វិកដូចក្តីប្រាថ្នាមែន។
ក្រោយបានជួបលោកឪពុកដែលបានបែកគ្នារយៈពេល ៥៦ ឆ្នាំមក Morris ក៏បានឱបឪពុកទាំងក្តីនឹករឭក រួចពោលពាក្យយ៉ាងរំជួលចិត្តថា ៖ «ទោះបីថ្ងៃនេះខ្ញុំបានជួបរឿងដែលមិននឹកស្មានជាច្រើនក៏ដោយ ប៉ុន្តែទីបំផុតខ្ញុំសំណាងល្អបានជួបអ្នកមានគុណ និង ផ្តល់កមណើតឱ្យខ្ញុំហើយ ពិតជាអគុណព្រះជាម្ចាស់ណាស់»។
ជុំវិញដំណឹងមួយនេះ មិនត្រឹមតែ Morris នោះទេដែលរំភើប សូម្បីតែមហាជនអ្នកគាំទ្របានឃើញទិដ្ឋភាព និង រូបភាពឪពុកកូនរបស់អ្នកទាំងពីរជួបគ្នាហើយ ម្នាក់ៗក៏សម្តែងក្តីរំភើបសប្បាយរីករាយមិនស្ទើរឡើយ៕
ប្រភព៖ kapook