Nune និង Ning ធ្លាប់ជាមិត្តជិតស្និទ្ធ តែឥលូវបែរមិនសូវស្និទ្ធស្នាលគ្នា ដោយសារមូលហេតុនេះ
ប្រិយមិត្តខ្លះប្រាកដជាបានជ្រាបមកហើយថា កំពូលតារាស្រី Nune Woranuch និង តារាស្រី Ning Panita អ្នកទាំងពីរមិនត្រឹមតែជាអ្នករួមការងារជាមួយគ្នានោះទេ តែតាមពិតទៅអ្នកទាំងពីរក៏ជាមិត្តជំនិត ពោលគឺមិត្តសម្លាញ់នឹងគ្នាតាំងពីចូលសិល្បៈមិនបានប៉ុន្មានឆ្នាំមកម្ល៉េះ។
បើនិយាយពីមិត្តភាពដែលអ្នកទាំងពីរមានឱ្យគ្នាកន្លងមក អាចនិយាយបានថាអ្នកណាៗក៏លួចច្រណែនដែរ ព្រោះកន្លងមកអ្នកទាំងពីរតែងតែបង្ហាញពីមិត្តភាព និង ភាពស្និទ្ធស្នាលជាមួយគ្នាជានិច្ច មិនថាដំណើរកម្សាន្ត ឬ ការណាត់ជួបគ្នានោះទេ។
ដោយឡែកថ្មីៗនេះ គេបែរជាសង្កេតឃើញតារាស្រីទាំងពីរបែរជាមិនសូវមានភាពស្និទ្ធស្នាលជាមួយគ្នាទៅវិញ រហូតមហាជនសង្ស័យថា តារាស្រីទាំងពីរមានបញ្ហាជាមួយគ្នា ពោលគឺម្នាក់ៗគិតថាអាចនឹងមានជម្លោះគ្នាឬយ៉ាងណា?
ក្រោយមហាជនផ្ទុះការសង្ស័យបែបនេះ តារាស្រី Nune Woranuch ក៏បានចេញមុខទម្លាយដោយមិនលាក់បាំងថា ៖ «វាជារឿងធម្មតានោះទេ មិត្តភក្តិក្នុងក្រុមរមែងតែងតែមានការអន់ចិត្ត និង ទាស់ទែងគ្នាខ្លះវាជារឿងធម្មតា»។
ជាមួយគ្នានោះ Nune ក៏បានបន្ថែមទៀតថា បើទោះបីជាពេលខ្លះមានការអន់ចិត្តគ្នាខ្លះក៏ដោយ តែនាងសូមបញ្ជាក់ថា ទំនាក់ទំនងរបស់នាង និង Ning ក៏មិនបានមានជម្លោះគ្នាធំដុំ ឬ មើលមុខគ្នាមិនចំឡើយ តែដោយសារតែម្នាក់ៗមានគ្រួសាររៀងៗខ្លួន ទើបមិនសូវបានជួបមុខគ្នាជាញឹកញាប់តែប៉ុណ្ណោះ តែការស្រឡាញ់ និង បារម្ភនៅតែមានចំពោះគ្នាដដែល។
យ៉ាងណាមិញ ក្រោយបានឮដូច្នេះហើយមហាជនហាក់ធូរទ្រូងខ្លះ ព្រោះមិនចង់ឃើញមិត្តភាពរបស់អ្នកទាំងពីរត្រូវប្រែប្រួល ឬ មានជម្លោះបែកបាក់គ្នានោះឡើយ៕
ប្រភព៖ khao2u