បញ្ហាមិនចេះចប់! Deng Lun រងការផាកពិន័យមួយទៀត លើក្រុមហ៊ុនអាជីវកម្មផ្ទាល់ខ្លួន
កាលពីថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២២ Sina បានចុះផ្សាយរាយការណ៍ឱ្យដឹងថា ក្រុមហ៊ុនគ្រប់គ្រងសេវាកម្មអាហារនៅទីក្រុងប៉េកាំង របស់ Deng Lun ត្រូវបានរងការណែនាំ និង ពិន័យជាលុយចំនួន ៤០០ យន់ ច្រើនជាង ៦២ ដុល្លារ លើការបំពានច្បាប់ប្បញ្ញត្តិការពារបរិស្ថាន ការថែរក្សាសោភណ្ឌភាពទីក្រុង។
បើយោងតាមអាជ្ញាធរក្រុងប៉េកាំង បានឱ្យដឹងថា ភោជនីយដ្ឋាន Deng Lun បានដាក់ផ្ទាំងប៉ាណូខុសច្បាប់ចំនួន ៤ នៅខុសកន្លែង ដែលធ្វើឱ្យសោភណ្ឌភាពសាធារណៈមានភាពរញ៉េរញ៉ៃ។
ជាមួយគ្នានោះ ប្រភពដដែលចេញពី Sina បានបន្តថា រឿងអាស្រូវនេះបានធ្វើឱ្យអាជីវកម្មរបស់ Deng Lun កាន់តែធ្លាក់ចុះ បន្ទាប់ពីតារាសម្ដែងប្រុសរូបនេះ ជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវគេចពន្ធ ហើយអាជីវកម្មរបស់លោកកាន់តែប៉ះពាល់ធ្ងន់ធ្ងរ ខណៈដែលហាង Hot Pot និង ហាងតែ របស់លោកត្រូវបានម្ចាស់ភាគហ៊ុនស្នើសុំដកភាគហ៊ុនចេញបន្តគ្នាផងដែរ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ១៦ ខែមីនា នាយកដ្ឋានពន្ធដារក្រុងសៀងហៃ បានប្រកាសថា Deng Lun បានគេចវេសលើការបង់ពន្ធ ហើយត្រូវបង់ប្រាក់ពិន័យចំនួន ១៦.៦ លានដុល្លារអាមេរិក។ មិនយូរប៉ុន្មានម៉ាកយីហោចំនួន ១៧ បានប្រកាសបញ្ចប់កិច្ចសន្យាជាមួយនឹងតារាប្រុសវ័យ ៣០ ឆ្នាំរូបនេះ បើតាមការប៉ាន់ស្មានលោកបានរងការខាតបង់ច្រើនជាង ៤៧.២ លានដុល្លារ។
រហូតដល់ចុងខែមីនា ក៏មានក្រុមហ៊ុនឱសថមួយបានដាក់ពាក្យប្តឹង Deng Lun សងសំណងពីបទបង្កការខូចខាតលើក្រុមហ៊ុនដោយសារបញ្ហាផ្ទាល់ខ្លួនរបស់លោក។ ក្នុងនោះ ដើមបណ្តឹងបានសុំឱ្យលោកបង់ប្រាក់ជាង ២ លានដុល្លារ ក្នុងថ្លៃបំពានកិច្ចសន្យា ៧៥ ម៉ឺនដុល្លារ និង ខាតលុយក្រុមហ៊ុនអស់ ៨៣០០០ ដុល្លារ។ សរុបមក តារាប្រុសរូបនេះ ត្រូវបង់ខាតដល់ ២.៨ លានដុល្លារអាមេរិក៕