ក្រោយទទួលបានទាយាទដំបូង សុខ រក្សា ធ្វើឱ្យអ្នកគាំទ្រស្ងប់ស្ងែងខ្លាំងចំពោះទង្វើនេះ
បើនិយាយពីជីវិតគ្រួសាររបស់តារាសម្ដែងស្រី កុល ដាវី និង លោក សុខ រក្សា ថ្មីៗកន្លងទៅនេះ កាន់តែមានក្ដីពេញទី ក្រោយពីទទួលបានសមាជិកថ្មី គឺអ្នកនាង កុល ដាវី បានសម្រាលកូនស្រីម្នាក់មុខមាត់ដ៏គួរឱ្យក្នាញ់មានឈ្មោះថា កុល វីនីតា។
យ៉ាងណាមិញ អ្វីដែលមហាជនអ្នកគាំទ្រតែងចាប់អារម្មណ៍ និង សរសើរខ្លាំងចំពោះជីវិតគ្រួសារដ៏មានសុភមង្គលមួយនេះ ព្រោះតែងឃើញលោក សុខ រក្សា តែងបង្ហាញនូវការបំពេញតួនាទីជាស្វាមី និងប៉ាដ៏សែនល្អមើលថែ ថ្នាក់ថ្នម គ្រប់បែបយ៉ាងចំពោះប្រពន្ធ ជាពិសេសចាប់តាំងពីប្រពន្ធពពោះរហូតដល់សម្រាលហើយ។
ជាក់ស្ដែងថ្មីៗនេះ ក្រោយពីអ្នកនាង កុល ដាវី បានសម្រាលកូនហើយជិតកន្លះខែមកនេះ ឃើញថាស្វាមីរបស់នាង កាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រមានការស្ងប់ស្ងែងសរសើរថែមទៀតពីទឹកចិត្តជាស្វាមី និងប៉ាដ៏ល្អ មើលថែប្រពន្ធកូនទាំងយប់ទាំងថ្ងៃ ថែមទាំងឆ្លៀតជួយបោកខោអាវឱ្យកូនតូចទៀត។
ក្នុងនោះ អ្នកនាង កុល ដាវី ក៏បានធ្វើការបង្ហាញនូវអារម្មណ៍រំភើបចិត្តចំពោះទង្វើស្វាមី ដោយបានបង្ហោះរូបភាពភ្ជាប់ជាមួយសារថា ៖ «រក្សា វីនីតា ស្រឡាញ់ប៉ាៗខ្លាំងណាស់ ចាំពេលអូនធំអូនបោកខោអាវឱ្យប៉ាប៉ាវិញណា សំខាន់ភ្នែកប៉ាប៉ាអូនឥឡូវរូងសម្បើមណាស់»។
ទន្ទឹមនឹងនោះ ក្រោយឃើញបែបនេះ មហាជនអ្នកគាំទ្រ ក៏ដូចមិត្តក្នុងសិល្បៈ បានសម្ដែងនូវចិត្តរំភើបជំនួសតារាស្រីរូបនេះ ព្រមទាំងជូនពរឱ្យគ្រួសារតូចរបស់អ្នកនាងកាន់តែទទួលបានសុភមង្គលផងដែរ៕