ពុ-ទ្ធោ! តាមពិត Margie និង ប្តី មិនបានទៅចូលរួមអបអរថ្ងៃ Mark សុំ Kim រៀបការ ព្រោះតែកើតជំងឺនេះ
ក្រោយពីមើលចិត្តគ្នាអស់ពេលជាច្រើនឆ្នាំរួចមក កាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២២ កន្លងទៅ គូស្នេហ៍របស់តារាស្រី Kimberly និង Mark Prin បានធ្វើឱ្យមហាជនអ្នកគាំទ្រត្រេកអរ និង រំភើបចិត្តជាខ្លាំង បន្ទាប់ពី Mark បានលុតជង្គង់សុំ Kim រៀបការនៅចំពោះមុខមិត្តភក្តិ ឯប្រទេសស្វីស។
ទិដ្ឋភាព និង រូបភាពដ៏សែនមានន័យរបស់ Kimberly និង Mark Prin ពិតឆក់បានបេះដូងមហាជនអ្នកគាំទ្រ និង មិត្តភក្តិក្នុងសិល្បៈមិនតិចនោះទេ ហើយម្នាក់ៗក៏បានសម្តែងការសាទរចំពោះជម្រៅស្នេហ៍របស់គូស្នេហ៍មួយគូនេះណាស់។
លើសពីនេះទៅទៀត ចំពោះដំណឹងដ៏ត្រេកអរមួយនេះ ជឿជាក់ថាមានមហាជនមិនតិចនោះទេ ដែលមានសម្ងល់ថា ហេតុអ្វីមានតែគូស្នេហ៍របស់តារាស្រី Yaya និង Nadech តែមួយគូទៅវិញដែលមានវត្តមាននៅក្នុងថ្ងៃពិសេសរបស់ Kimberly ចុះមិត្តៗឯទៀតនោះ។
យ៉ាងណាមិញ ជុំវិញមន្ទឹលមួយនេះដែរ មហាជនហាក់ចាប់ក្រសែភ្នែកចំពោះអវត្តមានរបស់តារាស្រី Margie តែម្តង រហូតធ្វើឱ្យតារាស្រី Margie ចេញមុខទម្លាយមូលហេតុដែលនាងមិនបានទៅចូលរួមនៅក្នុងថ្ងៃពិសេសរបស់ Kimberly ថា មុនថ្ងៃធ្វើដំណើរ ២ ថ្ងៃនាង និង ស្វាមីបានតេស្តឃើញវិជ្ជមានកូវីដ-១៩ ទើបធ្វើឱ្យនាង និង ស្វាមីមិនអាចទៅចូលរួមក្នុងថ្ងៃនោះ បានត្រឹមតែចូលរួមសាទរពីមិត្តជាទីស្រឡាញ់ពីខាងក្រៅ៕