Mo Amena ទម្លាយអារម្មណ៍គ្រាំចិត្តសឹងស្ទះទ្រូង ក្រោយរឿងក្តី Tangmo បញ្ចប់ទាំងគ្មានន័យ
កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ រឿងក្តីការស្លាប់របស់តារាស្រី Tangmo បានបញ្ចប់ទៅដោយស្ថាពរ ដែលក្នុងនោះប៉ូលិសក៏បានបញ្ជាក់ថា នាងគឺបានស្លាប់ដោយឧប្បទ្ទវហេតុធ្លាក់ទឹកពិតប្រាកដមែន មិនមែនជាឃាតកម្មនោះទេ ហើយចំណែកជនសង្ស័យជាអ្នករួមទូកទាំង ៦ នាក់ទៀត ក៏ត្រូវបានគេចោទប្រកាន់ពីបទផ្សេងៗផងដែរ។
យ៉ាងណាមិញ ក្រោយពីរឿងក្តីបានបញ្ចប់មានអ្នកជិតស្និទ្ធជាមួយ Tangmo ដែលជាតារាប្រុសស្រីជាច្រើន បានចេញមុខមកទម្លាយអារម្មណ៍ខកចិត្តរបស់ខ្លួនមិនតិចនោះទេ ដែលក្នុងនោះក៏មាន Mo Amena ផងដែរ។
Mo Amena បានឱ្យដឹងថា រឿងគ្រប់យ៉ាងគឺតាមដូចជាប៉ូលិសនិយាយ ហើយនាងក៏មិនបានប្រាប់ថាមិនជឿនោះដែរ នាងជឿលើច្បាប់ តែនៅតែមានរឿងខ្លះដែលនាងសង្ស័យ តែក៏មិនដល់ថ្នាក់ទទួលយកការពិតដែលចេញមកនេះមិនបានដែរ។
នាងសុខចិត្តឱ្យប៉ូលិសធ្វើតួនាទីរបស់គេឱ្យល្អទៅចុះ តួនាទីរបស់គេមានតែសរុបរឿងក្តី ការពិតចេញមកយ៉ាងណា ក៏ឱ្យមហាជនពិចារណាមើលខ្លួនឯងទៀតទៅ ហើយនាងក៏នៅបន្តផ្ញើភស្តុតាងផ្សេងៗឱ្យតុលាការផងដែរ នាងជួយពេញទំហឹងណាស់ហើយ តែគ្រាន់តែមិនបានប្រាប់ថាបានធ្វើអ្វីខ្លះ។
ចុងក្រោយនាងក៏បានឱ្យដឹងទៀតថា បើច្បាប់ពិចារណាមកថាល្អហើយ វាក៏ជារឿងរបស់ច្បាប់ តែនាងជឿថាច្បាប់កម្មពារនឹងដាក់ទោសពួកអ្នកទាំងនោះខ្លួនឯង ហើយរឿងនៅលើទូក នាងមិនបានឃើញអ្វីទេ តែនាងដឹងចរឹតរបស់ Tangmo ច្បាស់ នាងពិចារណាដឹងថា Tangmo ធ្វើអ្វី និង មិនធ្វើអ្វីខ្លះ។ បើច្បាប់ដាក់ទោសពួកគេបានតែប៉ុណ្ណេះ ក៏បណ្តោយតាមនឹងទៅ តែជីវិតខាងក្រៅរវបស់ពួកគេ នឹងត្រូវសង្គម ឬ ច្បាប់កម្មពារដាក់ទោសថែមទៀតជាក់ជាមិនខាន៕