1Mill ពីក្មេងធ្លាប់ដើរផ្លូវខុស ប៊ិះនឹងអស់ជីវិត ងាកមកកែខ្លួនរហូតក្លាយជាតារាចម្រៀងរ៉េបល្បី
ថ្មីៗនេះ បទចម្រៀង «Run The Town» របស់តារារ៉េបល្បីឈ្មោះលោក Vannda ដែលបានសហការជាមួយនឹងតារារ៉េបៗល្បីរបស់ថៃចំនួន ៣ នាក់ បានកំពុងតែកក្រើកនៅលើបណ្ដាញអ៊ីនធឺណេត និង ផ្ទុះការស៊ែរចែករំលែកជាខ្លាំងនៅលើបណ្តាញសង្គមនានា។ ជាពិសេស ក៏បានទាក់ទាញអ្នកទស្សនាឱ្យចូលទៅមើល និង កម្សាន្ដអារម្មណ៍នៅក្នុងគណនី YouTube ផ្លូវការ High Cloud Entertainment ជាច្រើនលាននាក់ផងដែរ បើគិតមកទល់ពេលនេះ។
យ៉ាងណាមិញ នៅក្នុងចំណោមតារាចម្រៀងរ៉េបល្បីឈ្មោះ ៣ នាក់ដែលបានសហការក្នុងបទចម្រៀង Run The Town នោះរួមមាន លោក F.HERO, SPRITE, និង 1Mill។ នៅក្នុងថ្ងៃនេះ «ប្រជាប្រិយ» សូមបើកបង្ហាញពីខ្សែជីវិតរបស់តារារ៉េបម្នាក់ ក្នុងចំណោមអ្នកទាំង ៣ នោះគឺ 1Mill។ ចង់ដឹងទេថា តើ 1Mill មានប្រវត្តិបែបណា? ហើយតើហេតុអ្វីបានជា 1Mill អាចសាងកេរ្តិ៍ឈ្មោះល្បីរន្ទឺ នៅលើវិស័យសិល្បៈ? ដូច្នេះ សូមតាមដានទាំងអស់គ្នា។
បច្ចុប្បន្ន 1Mill មានអាយុ ២០ ឆ្នាំ។ លោកបានកើតនៅក្នុងស្រុក Nagae ខេត្ត Nakhon Phanom ប្រទេសថៃ និង ជាក្មេងដែលកើត ព្រមទាំងធំធាត់នៅក្នុងគ្រួសារមួយដែលមានជីវភាពសមរម្យ។ បើក្រឡេកទៅមើលខ្សែជីវិតពីអតីតកាល 1Mill ចាប់ផ្តើមប្រឡូកចូលក្នុងវិស័យសិល្បៈ និង ស្រឡាញ់ការរ៉េប តាំងពីរូបលោកនៅរៀនថ្នាក់មធ្យមសិក្សាមកម្ល៉េះ។ តារាចម្រៀងវ័យក្មេងរូបនេះ បានសម្រេចចិត្តបោះបង់ចោលការសិក្សា ដោយងាកស្រវាមកតាមចាប់យកក្តីស្រមៃ នៅទីក្រុង Bangkok ជាមួយមិត្តភក្តិ។គ្រានោះ បន្ទាប់ពីលោកប្ដូរការរស់នៅ មកទីក្រុង Bangkok លោកក៏ចាប់ផ្តើមមានឱកាសបំពេញក្តីស្រមៃ ចាប់យកជំនាញសិល្បៈដែលលោកស្រឡាញ់នោះ ដោយធ្វើជាតារាចម្រៀងរ៉េបនេះតែម្តង។
1Mill បានធ្វើឱ្យមហាជនស្គាល់លោកកាន់តែច្បាស់ នៅអំឡុងឆ្នាំ ២០២០ ខណៈដែលលោកបាននិពន្ធបទចម្រៀងមួយ Album ដែលមានចំនួន ១៤ បទ ដោយបានសរសេររៀបរាប់ពីជីវិតពិតរបស់លោក និង គ្រួសារ។ បទចម្រៀងទាំងអស់នោះ សុទ្ធតែជាបទចម្រៀង ដែលមានអត្ថន័យចាក់ដោតខ្លាំង ដោយលោកបានរៀបរាប់ពីជីវិតពិតរបស់ខ្លួនដែលធ្លាប់តែជាក្មេងម្នាក់រស់នៅក្នុងភាពអស់សង្ឃឹម ក្នុងជីវិតឯកា និង ធ្លាប់ជួបស្នេហាបរាជ័យ។
មិនតែប៉ុណ្ណោះ ក្នុងចំណោមបទចម្រៀងទាំង ១៤ បទនៅក្នុង Album នោះ មានបទចម្រៀង ១ បទ ដែលលោកបានទម្លាយរៀបរាប់ពីរឿងរ៉ាវជីវិតរបស់លោក ដោយគ្មានលាក់បាំងថា មុននឹងលោកឈានជើងចូលប្រឡូកក្នុងវិស័យសិល្បៈ លោកស្ទើរតែបាត់បង់ជីវិត ដោយសារតែការប្រើប្រាស់ថ្នាំហួសកម្រិតថែមទៀតផង។ យ៉ាងណាមិញ ចម្រៀងមួយបទនេះហើយ ដែលកាន់តែធ្វើឱ្យលោក ត្រូវបានមហាជនជាច្រើនស្គាល់កាន់តែច្បាស់ និង ទាក់ទាញចំណាប់អារម្មណ៍ពីមហាជនជាច្រើន។
បើទោះបីជាខ្សែជីវិតរបស់តារាចម្រៀងរ៉េបល្បីឈ្មោះរូបនេះ ធ្លាប់ឆ្លងកាត់ឱបសគ្គជាច្រើន និង មិនបានរៀនសូត្របានជ្រៅជ្រះខ្ពង់ខ្ពស់ ដូចអ្នកសិល្បៈដទៃទៀតក៏ដោយ តែតារារ៉េបរូបនេះ ហាក់មិនចុះចាញ់នៅក្នុងជីវិតឡើយ ពោលគឺ លោកព្យាយាម តស៊ូ ប្រឹងប្រែងរហូតរកឃើញពន្លឺជីវិតថ្មី ដោយក្ដាប់ឱកាសឈរលើឆាកតន្រ្តីធំៗជាច្រើន និង មានមហាជនអ្នកគាំទ្រពេញប្រទេសតែម្តង៕