សង្សារនឹងគ្នារាប់ឆ្នាំ តែ Ken និង Esther មិនដែលឃើញថតរឿងជាមួយគ្នា តាមពិតមកពីមូលហេតុនេះសោះ
អស់រយៈពេលជិត ៨ ឆ្នាំទៅហើយ ដែលគូស្នេហ៍ល្បី Ken Phupoom និង Esther Supreeleela បានសំងំសាងស្នេហ៍ជាមួយគ្នាយ៉ាងផ្អែមល្ហែម លើសពីនេះពួកគេក៏បានជួយគ្នាខំរករកស៊ីទាក់ទងនឹងជំនួញផ្សេងៗទៀតផង ដែលធ្វើឱ្យមហាជនអត់សរសើរមិនបាន ហើយម្នាក់ៗក៏រង់ចាំដំណឹងរៀបការរបស់ពួកគេឆាប់ៗនេះផងដែរ។
យ៉ាងណាមិញ គូស្នេហ៍មួយគូនេះ អាចនិយាយបានថាសុទ្ធតែជាតារាល្បីរៀងៗខ្លួន ដោយពួកគេបានលេចមុខជាតួឯកនៅក្នុងរឿងភាគមិនចេះតិចនោះទេ ថែមទាំងទទួលបានការគាំទ្រយ៉ាងពេញទំហឹងថែមទៀតផង តែអ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្រឆ្ងល់មិនអស់ចិត្តនោះ គឺក្នុងរយៈពេលដែលទាក់ទងគ្នាជិត ៨ ឆ្នាំកន្លងមក គេមិនដែលឃើញតារាប្រុសស្រីគូនេះ មកប៉ះគ្នាជាតួឯកនៅក្នុងរឿងភាគណាមួយឡើយ។
ក្នុងនោះ មហាជនអ្នកគាំទ្រពិតជាចង់ឃើញអ្នកទាំងពីរ មកបង្ហាញភាពផ្អែមល្ហែមរបស់ខ្លួននៅក្នុងរឿងខ្លាំងណាស់ ម្យ៉ាងអ្នកទាំងពីរនៅខាងក្រៅសមគ្នាថ្នាក់នេះ មិនដឹងថានៅក្នុងរឿងនឹងជាយ៉ាងណានោះទេ ហើយទាក់ទងនឹងរឿងនេះ ខាងស្រី Esther ក៏បានចេញមុខមកនិយាយឱ្យចម្ងល់រួចហើយ។
Esther បានឱ្យដឹងថា បើឱ្យនាងមកដើរជាតួឯកជាមួយនឹង Ken វាអាចពិបាកបន្តិចហើយ នាងមានអារម្មណ៍ថាប្លែកៗដែលត្រូវមកលេងរឿងជាមួយគ្នាបែបនេះ ព្រោះជាមនុស្សស្និទ្ធស្នាលគ្នាខ្លាំងណាស់ទៅហើយ ម្យ៉ាងទៀតក៏នៅមិនទាន់មានខាងណាទាក់ទងមកឱ្យនាង និង Ken ដើរតួជាមួយគ្នានោះដែរ៕