Pang Prakasit អួលដើមក ទម្លាយថាធ្លាប់ធ្វើខុសដាក់កូនធម៌ រហូតដល់ថ្នាក់ផ្តាច់ការទាក់ទង
មកទល់ពេលនេះ ចូលវ័យ ៥៤ ឆ្នាំទៅហើយ ប៉ុន្តែតារាប្រុសជើងចាស់ Pang Prakasit នៅតែមិនទាន់នឹកនារឿងសាងគ្រួសារមានកូនមានចៅនៅឡើយនោះទេ ក្នុងនោះលោកក៏បានទម្លាយឱ្យដឹងថា ខ្លួនធ្លាប់មានកូនចិញ្ចឹមមួយរូបផងដែរ តែគួរឱ្យសោកស្តាយដោយសារតែរឿងមួយចំនួន ក៏បានធ្វើឱ្យលោកដាច់ការទាក់ទងជាមួយនឹងគេរហូតមកទល់សព្វថ្ងៃនេះ។
លោកបានរឿបរាប់ឱ្យដឹងថា កាលពី ២០ ឆ្នាំមុន លោកធ្លាប់ទៅធ្វើជាគណៈកម្មការចម្រៀងនៅសាលារៀនមួយកន្លែង ហើយក៏បានជួបក្មេងម្នាក់ឈ្មោះ «វីន» ហើយរូបគេជាដៃហ្គីតាពូកែម្នាក់។ លោកពិតជានឹកសរសើរគេជាខ្លាំង ហើយក៏សុំលេខទូរសព្ទរូបគេទុក។
ក្រោយមក ពេលក្មេងម្នាក់នេះ ជួបទុក្ខលំបាកផ្សេងៗ លោកក៏តែងតែចាំជួយរហូត ទាំងរឿងលុយកាក់ រឿងគ្រួសារ ការពិភាក្សាផ្សេងៗ ហើយលោកថែមទាំងឱ្យលុយគេទុករៀនសូត្រមួយខែ ពីរពាន់បាតថែមទៀត។ ចំណែកឯ ក្មេងម្នាក់នេះវិញ ពិតជាស្រឡាញ់លោកខ្លាំងណាស់ រហូតដល់ថ្នាក់សុំលោកហៅថាឪពុកថែមទៀតផង។ ក្រោយមក រាល់ពេលបុណ្យទិវាលោកឪពុក គេក៏តែងធ្វើចម្រៀងជាកាដូផ្ញើមកលោករហូត ហើយថែមទាំងមកជួបគ្រួសារលោកទៀតផង។
មិនយូរប៉ុន្មាន គេក៏បានចូលរៀននៅមហាវិទ្យាល័យមួយ លោកក៏នៅជួយចេញថ្លៃសាលាគេ ដោយក្នុងមួយឆ្នាំៗរាប់ពាន់ដុល្លារទៀត ហើយគេក៏បានក្លាយជាក្មេងហ្វឹកហាត់ក្នុងវង់តន្រ្តីមួយផងដែរ។ ក្នុងនោះ មើលទៅគេពិតជាចូលចិត្ត និងប្រឹងប្រែងរៀនសូត្របន្ថែមក្នុងវង់តន្រ្តីនេះណាស់ គេចង់ចេញអាល់ប៊ុមដោយខ្លួនឯង ដល់ថ្នាក់គេគេចម៉ោងប្រឡង មកធ្វើចម្រៀងទៀតផង រហូតដល់ខាងសាលាព្រមាន។ ចំណែកឯ លោកវិញ ពេលនោះពិតជាខឹងខ្លាំងណាស់ ក៏បោះសម្តីថាបើនៅតែបែបនេះទៀត លោកនឹងមិនជួយទៀតឡើយ ហើយចាប់តាំងពីពេលនោះមក លោកជាមួយគេ ក៏ដាច់ទំនាក់ទំនងគ្នាត្រឹមនោះតែម្តង។
យ៉ាងណាមិញ លោកក៏បានសុំទោសដែលនិយាយមិនបានគិត ហើយបើសិនជា «វីន» បានឃើញលោកនៅពេលនេះ សុំឱ្យគេទាក់ទងមកលោកផង។ លោកពិតជានឹកគេខ្លាំងណាស់៕