Beam និង ភរិយា ឆ្លើយតបផាំងៗ ក្រោយមានសំណួរចាក់ដោតពីរឿងកូនៗពេលគេធំឡើង
មកទល់ពេលនេះ តារាប្រុស Beam និង ភរិយា បានមានកូនភ្លោះពីរគូជាចំណងដៃទៅហើយ ដោយលោកទើបតែប្រកាសពីដំណឹងកូនភ្លោះចុងក្រោយរបស់ខ្លួនថ្មីៗនេះ ដែលធ្វើឱ្យមហាជនអ្នកគាំទ្រសប្បាយចិត្តជំនួសព្រាត។
យ៉ាងណាមិញ ថ្មីៗនេះ Beam ក៏បានមកឆ្លើយសំណួរមួយចំនួន ដែលមហាជនបានសួរទាក់ទងនឹងកូនៗ តាមរយៈ Youtube Chanel របស់ខ្លួនផងដែរ។ ក្នុងនោះ សំណួរដែលចាក់ដោតជាងគេគឺ ប្រសិនបើអូន Tee និង អូន Pee ដែលជាកូនភ្លោះបង ក្លាយជាអ្នកស្រឡាញ់ភេទដូចគ្នានៅថ្ងៃអនាគត តើ Beam និង ភរិយាគាំទ្រកូនឬទេ ហើយនឹងគិតបែបណាខ្លះចំពោះរឿងនេះ។
Oil ជាភរិយាក៏បានឆ្លើយមុនថា បើសិនជាគេក្លាយជាបែបហ្នឹងហើយ យើងក៏ធ្វើអ្វីមិនបានដែរក្រៅពីព្រមទទួលស្គាល់ មិនថាកូនក្លាយជាអ្វី ក៏សុំឱ្យគេក្លាយជាមនុស្សល្អប៉ុណ្ណោះ។ ពាក្យថាគាំទ្រ ខ្លួនក៏ត្រូវមើលសិនថានៅកម្រិតណា បើសិនជាគេស្រឡាញ់ភេទដូចគ្នា តែមិនចង់កែភេទនោះ ក៏មិនអីដែរ គេអាចប្រើជីវិតរបស់គេធម្មតា ប៉ុន្តែបើថ្ងៃណាគេចង់កែភេទនោះ វាក៏មានរបៀបរបបរបស់វា ហើយខ្លួនក៏នឹងជួយពិភាក្សាជាមួយកូនផងដែរ មិនមែនតាមតែកូនចង់នោះទេ។
ចំណែកបើសួរថាខូចចិត្តឬទេ បើគិតយូរៗទៅបើយើងមានកូនប្រុស យើងក៏តែងតែចង់ឱ្យពួកគេក្លាយជាមនុស្សប្រុសពេញលេញ តែមិនអាចនិយាយថាជាការខូចចិត្តបានទេ។ រឿងនេះគឺជារឿងធំ តែអាចនិយាយគ្នាបាន គ្រាន់តែចង់ឱ្យកូនដឹងពីអារម្មណ៍របស់ខ្លួនឱ្យច្បាស់ ហើយដើរមកប្រាប់ប៉ុណ្ណោះ។
ចំណែក Beam បាននិយាយយ៉ាងខ្លីថា បើកូនដើរមកប្រាប់បែបនេះ បើនិយាយត្រង់ៗលោកក៏ប្រហែលជាខូចចិត្ត តែយ៉ាងណាក៏ដោយគេក៏ជាកូន លោកនៅតែស្រឡាញ់ដូចដើម។ ដោយឡែក ការឆ្លើយសំណួរទាំងនេះក៏បានធ្វើឱ្យប្តីប្រពន្ធទាំងគូនេះ ត្រូវគេរិះគន់មិនតិចនោះដែរ ដោយសារមានអ្នកខ្លះគិតថា ពួកនៅមិនទាន់បើកចិត្តហ៊ានទទួលយករឿងនេះបានពិតប្រាកដនោះទេ៕