រយៈពេល ៧ ឆ្នាំក្នុងជីវិតអាពាហ៍ពិពាហ៍ Kevin Cheng ឆ្លងកាត់ទាំងភាពរីករាយ និង លំបាក
តារាប្រុសគ្រាប់ពេជ្រប្រចាំប៉ុស្តិ៍ទូរទស្សន៍ TVB លោក Kevin Cheng ថ្មីៗនេះ បានធ្វើឱ្យមហាជនអ្នកគាំទ្រសឹងតែលើសជាតិស្ករ ក្រោយពីរូនលោកបានធ្វើការបង្ហោះកម្រងរូបភាពស្វីតៗមួយចំនួនជាមួយភរិយាលើបណ្ដាញសង្គមចិន Weibo ដើម្បីជាការអបអរខួបនៃក្ដីស្រឡាញ់របស់ពួកគេរយៈពេល ៧ ឆ្នាំមកនេះ។
កាលពីល្ងាចថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅ តារាសម្ដែងប្រុសហុងកុងវ័យ ៥៣ ឆ្នាំរូបនេះ បានធ្វើការបង្ហោះកម្រងរូបភាពមួយចំនួនរបស់លោក និង ភរិយាដ៏ស្រស់ស្អាត អមជាមួយពាក្យពេចន៍ដ៏ផ្អែមល្ហែមមានន័យបំផុតថា ៖ «ពួកយើងមានរួមរស់ជាមួយគ្នារយៈពេល ៧ ឆ្នាំមកហើយ។ ពួកយើងក៏ជាឪពុកម្ដាយកូនៗ ២ នាក់ផងដែរ។ ក្នុងរយៈពេល ៧ ឆ្នាំនេះ ពួកយើងបានឆ្លងកាត់ភាពរីករាយ និង ភាពលំបាកក្នុងជីវិតជាមួយគ្នា ប៉ុន្តែយើងនៅតែនៅក្បែរគ្នាជានិច្ច។ បងនឹងបន្តកាន់ដៃរបស់អូនរហូតដល់អវសាន្តជីវិតរបស់បង»។
គួររំឭកថា តារាសម្ដែង Kevin Cheng និង តារាសម្ដែងស្រី Grace Chan បានចាប់ដៃគ្នាចូលរោងការក្នុងឆ្នាំ ២០១៨ ដោយមកទល់បច្ចុប្បន្នពួកគេទាំង ២ ទទួលបានកូនប្រុសចំនួន ២ នាក់ជាចំណងដៃជីវិត៕