អែម គុនថង ចេញមុខប្រតិកម្មហើយ ក្រោយផ្ទុះមតិថា Miss Global Cambodia ២០២១ មិនបានទៅប្រកួតព្រោះនាង
ពិតណាស់ ថ្មីៗនេះ កម្មវិធី Miss Global Cambodia បានធ្វើការជ្រើសរើសយកជ័យលាភីរងទី ២ នៃ Miss Grand Cambodia ២០២១ កញ្ញា អែម គុនថង ដើម្បីគ្រងដំណែង Miss Global Cambodia ២០២២ ដែលនឹងតម្រូវឱ្យនាងតំណាងកម្ពុជាចូលរួមប្រកួត Miss Global ២០២២ នេះ។
យ៉ាងណាមិញ ក្រោយកញ្ញា អែម គុនថង ទទួលបានតំណែង Miss Global Cambodia ២០២២ និង ត្រូវតំណាងប្រទេសចូលប្រកួតលើឆាកអន្តរជាតិនោះ ស្រាប់តែលើបណ្ដាញសង្គម ជាពិសេសក្នុងវិស័យបវរកញ្ញា ផ្ទុះការបញ្ចេញមតិយោបល់វែកញែកជាខ្លាំងជុំវិញរឿងម្ចាស់ជ័យលាភី Miss Global Cambodia ២០២១ មិនបានឃើញទៅប្រកួតលើឆាកអន្តរជាតិ ដោយមានការលើកឡើងមួយចំនួនថា ដោយសារ អែម គុនថង មកជំនួសតំណែង និង ជាអ្នកធ្វើឱ្យ Miss Global Cambodia ២០២១ មិនបានទៅប្រកួតលើឆាកអន្តរជាតិផងដែរ។
ក្រោយឃើញមតិវែកញែកជាច្រើនលើកឡើងបែបនេះ Miss Global Cambodia ២០២២ អែម គុនថង បានចេញនិយាយធ្វើការបកស្រាយលើបណ្ដាញសង្គមដោយបញ្ជាក់យ៉ាងច្បាស់ៗជុំវិញរឿងនេះផងដែរ។
ក្នុងនោះ អែម គុនថង បានរៀបរាប់ថា ៖ «ខ្ញុំសូមមិននិយាយអ្វីច្រើនទេចំពោះរឿងរបស់ Miss global Cambodia 2021 មិនបានចូលរួមប្រកួត សូមបញ្ជាក់ម្ដងទៀតហើយក៏ជាលើកចុងក្រោយ នាងខ្ញុំ អែម គុនថង មិនបានទៅជំនួសតំណែងនរណាម្នាក់ឡើយ ក្នុងនាមនាងខ្ញុំជាបវរកញ្ញាមួយរូប នាងខ្ញុំត្រូវបំពេញភារកិច្ចតាមអ្វីដែលក្រុមហ៊ុនឱ្យមកនាងខ្ញុំ សូមឈប់ប្រើពាក្យថា Miss global Cambodia 2021 មិនបានចូលរួមប្រកួតដោយសារតែរូបនាងខ្ញុំទៀតទៅ ព្រោះនាងខ្ញុំហើយនឹងគាត់ចូលរួមប្រកួតឆ្នាំខុសគ្នា 2021 ផ្សេង 2022 ផ្សេងសូមបែងចែកអោយដាច់ អរគុណ»៕